កម្ពុជា នឹងពង្រឹងតួនាទីក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានសម្រេចបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការិយាល័យនេះនឹងជួយសម្របសម្រួលការតភ្ជាប់រវាងធុរកិច្ច និងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី ជាមួយទីផ្សារកម្ពុជា និងតំបន់អាស៊ាន។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ លោកបានលើកឡើងថា ការបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជា រួមជាមួយការបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៉ារីស នឹងបង្កើតឱកាសបន្ថែមសម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
ចំណែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ចាត់ទុកការបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជា ថាជាឱកាសមួយសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទូតសេដ្ឋកិច្ចរបស់កម្ពុជា។ លោកយល់ថា ការិយាល័យនេះអាចជួយបើកឱកាសថ្មីសម្រាប់ទីផ្សារនាំចេញ ការវិនិយោគ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស។
ជាមួយគ្នានេះ អ្នកជំនាញយល់ថា ដើម្បីទាញយកប្រយោជន៍ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាព និងត្រៀមខ្លួនឱ្យបានល្អ ជាពិសេសលើវិស័យភស្តុភារ កសិឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម។ ការទាក់ទាញជំនួយបច្ចេកទេស និងប្រភពហិរញ្ញប្បទានក៏ជាកត្តាមួយដែលអាចចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ទីផ្សាររបស់កម្ពុជាផងដែរ៕
ខន ណារី AMS




