ទូតថ្មីអាមេរិកប្ដេជ្ញាពង្រឹងទំនាក់ទំនងឱ្យរឹងមាំជាមួយកម្ពុជា

ឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាលើកដំបូងជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី១៨ ខែវិច្ឆិកា ២០២៦នេះ។ ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។
 
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី បានបង្ហាញសេចក្តីសោមនស្សរីករាយដោយបានមកបំពេញអាណត្តិបេស​កកម្មការទូតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​​​ររវាងសហរដ្ឋអាមេរិក និងកម្ពុជា។ បើតាមឯកឧត្តម​ សហរដ្ឋអាមេរិក និងកម្ពុជានៅមាន​កាលានុវត្តភាពជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់​តែរីកចម្រើនថែមទៀត។
 
ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានប្រាប់សម្ដេចធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុក​ចំពោះ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ​ ហើយសហរដ្ឋអាម៉េរិក​នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែង​ការណ៍រួម​ ទីក្រុង​កូឡាឡាំពួ​ ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ​២០២៥។
 
ដោយឡែក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់នាពេលកន្លងមកតាមរយៈសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ព្រមទាំងបន្តយកចិត្តទុកដាក់ចំ​ពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ និងការ​បន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពនេះឲ្យពេញលេញ។
 
សម្ដេចធិបតីក៏បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។
 
ក្នុងជំនួបនោះដែរ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានពិភាក្សាគ្នាលើការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​លើវិស័យសក្តានុពល រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិស័យការពារជាតិ និងសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ​
 
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានចែករំលែកបទពិសោធន៍អំពីការហ្វឹកហ្វឺនក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ដែលបានបន្ថែមភាពស្និទ្ធស្នាលផ្ទាល់ខ្លួនលើកិច្ចពិភាក្សានេះ និងបង្ហាញពីចំណងពិសេសរវាងមេដឹកនាំទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរពអធិប​តេយ្យភាពរបស់កម្ពុជា និងជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំកើតឡើងពីការគោរពគ្នាទៅវិញទៅមក នឹងត្រូវបានវាស់វែងតាមលទ្ធផលជាក់ស្តែង៕

សេង បារាំង AMS

ads banner