លោក ណេតាន់យ៉ាហ៊ូ ប្រើការគំរាមកំហែងពី អ៊ីរ៉ង់ ជាលេសរារាំងការបង្កើតរដ្ឋាភិបាលអ៊ីស្រាអែលថ្មី
ហ៊្សេរុយសាឡឹម ៖ អ្នកវិភាគអ៊ីស្រាអែលម្នាក់បានចោទប្រកាន់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងប្រើការគំរាមកំហែងពីអ៊ីរ៉ង់ ដើម្បីជំរុញឱ្យមានសង្គ្រាមជុំថ្មី និងរារាំងមេបក្សឈ្នះឆ្នោត លោក ហ្គាឌី អៃសិនខត បង្កើតរដ្ឋាភិបាលថ្មី ឬបង្ខំឱ្យបង្កើតរដ្ឋាភិបាលឯកភាពជាតិដែលដឹកនាំដោយគាត់ផ្ទាល់ ។
បើតាម Anadolu, អ្នកវិភាគយោធារបស់កាសែតអ៊ីស្រាអែល Haaretz លោក អាម៉ូស ហារ៉ែល និយាយថា លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានលើកយកការគំរាមកំហែងពីអ៊ីរ៉ង់ មកធ្វើជាចំណុចស្នូលនៃការជជែកផ្នែកនយោបាយជាថ្មី ។
លោក ហារ៉ែល អះអាងថា នាយកសេនាធិការកងទ័ពអ៊ីស្រាអែល លោក អ៊ីយ៉ាល់ ហ្សាមៀរ មិនគាំទ្រការវាយប្រហារថ្មីលើអ៊ីរ៉ង់នៅពេលនេះទេ ដោយយោធាយល់ថា ការគំរាមកំហែងពីអ៊ីរ៉ង់ជារឿងពិតប្រាកដ ប៉ុន្តែមិនមែនជាការគំរាមកំហែងភ្លាមៗនោះទេ ។
រីឯអ្នកវិភាគនយោបាយរបស់កាសែត Maariv លោក បេន កាសពីត ក៏បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ដែរថា បានដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនលើសផលប្រយោជន៍ជាតិ ហើយកំពុងព្យាយាមដុតបញ្ឆេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបំផ្ទុះសង្គ្រាមឈុតធំជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ។
ចំណែកអ្នកវិភាគរបស់កាសែត Yedioth Ahronoth លោក រ៉ុន បេន យីសៃ ក៏បានចោទប្រកាន់ផងដែរថា លោក ណេតាន់យ៉ាហ៊ូ អាចនឹងប្រើព័ត៌មានស៊ើបការណ៍សម្ងាត់អំពីអ៊ីរ៉ង់ ដើម្បីធ្វើជាលេសថា ត្រូវតែបង្កើតរដ្ឋាភិបាលឯកភាពជាតិ និងចាត់វិធានការយោធាភ្លាមៗប្រឆាំងអ៊ីរ៉ង់ ។
យ៉ាងណា មេបក្សឈ្នះឆ្នោត លោក ហ្គាឌី អៃសិនខត បានថ្លែងអះអាងកាលពីថ្ងៃ សុក្រ ថា លោកត្រៀមបង្កើតរដ្ឋាភិបាលគ្រាអាសន្នជាតិ ក្រោមការដឹកនាំរបស់លោកផ្ទាល់ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងបង្កើតសម្ព័ន្ធរដ្ឋាភិបាលទូលំទូលាយបរាជ័យ ដោយលោកសង្កត់ធ្ងន់ថា លោកនឹងមិនអនុញ្ញាតឱ្យការចរចាអូសបន្លាយដោយគ្មានពេលកំណត់នោះទេ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
