រថយន្តធុនធំពីរគ្រឿងបុកគ្នាពេញទំហឹងនៅខណ្ឌឬស្សីកែវ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង
ភ្នំពេញ៖ រថយន្តពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនសាវីម៉ិចចំណុះ៨ពាន់លីត្រ បានក្រឡាប់ធ្លាយប្រេងធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចមកអន្តរាគមន៍ ព្រោះតែខ្លាចកើតឡើងជាអគ្គិភ័យ កាលពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបែកជាបួនផ្លូវលេខ៥៩៨ កែងនឹងផ្លូវ១៨០០ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកប្រេងម៉ាក់មីស៊ុយប៉ីស៊ី ពណ៌ស ផ្លាកលេខ ភ្នំពេញ 3A 4307 ដឹកប្រេងក្រុមហ៊ុនសាវីម៉ីចបើកបរដោយ ឈ្មោះ អៀន បូរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បើកក្នុងទិសដៅពីកើតទៅលិចឆ្លងស្តុប ឯរថយន្តដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សប្រផេះលាយខ្មៅ គ្មានផ្លាកលេខ របស់ក្រុមហ៊ុនលីគីមហេង បើកបរពីត្បូងទៅជើង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមាន រថយន្តដឹកប្រេង បានបើកឆ្លងស្តុប១៨០០ កែង៥៩៨ពីកើតមកលិច ស្រាប់តែមានរថយន្តដឹកដី បើកបរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើងមកបុករថយន្តដឹកប្រេងចំពាក់កណ្តាល បណ្តាលឲ្យក្រឡាប់ផ្ងារជើងមកខាងស្តាំ ហើយភាគីតៃកុងឡានដឹកដីគេចខ្លួនបាត់។ ចំណែករថយន្តដឹកដីខូចខាតកំណាត់មុខយ៉ាងដំណំ រីឯរថយន្តដឹកស៊ីទែនប្រេងកំពិតស៊ីទែនកំពប់ប្រេងមួយចំនួន និងរថយន្តខូចខាតយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ទាក់ទងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំងពីគ្រឿង បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ

