សម្ដេចក្រឡាហោម ស ខេង នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋកូរ៉េ នាពេលខាងមុខនេះ
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយលោក អូ ណាក់យ៉ុង ( Oh Nay-young ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា សម្តេចក្រឡាហោម ប្រមុខក្រសួងមហាផ្ទៃ នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េ នាពេលខាងមុខនេះ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមបញ្ជាក់ថា ក្នុងដំណើទស្សនកិច្ចរបស់សម្តេចក្រឡាហោមនេះ គឺដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង កាន់តែល្អប្រសើរបន្ថែមទៀត ផ្នែកការគ្រប់គ្រងសន្តិសុខទូទៅ ជាពិសេសប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

ឯកឧត្តម បញ្ជាក់បន្ថែមថា «ក្នុងគោលបំណងរបស់សម្តេចក្រឡាហោម ទៅបំពេញទស្សនកិច្ចនៅកូរ៉េនេះ គឺសម្តេចចង់ស្វែងយល់បន្ថែមទៀត ក្នុងការគ្រប់គ្រងកំណែទម្រងរដ្ឋបាលថ្នាក់ក្រោមជាតិពីកូរ៉េ ធ្វើយ៉ាងណាបម្រើដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពថែមទៀត និងម្យ៉ាងទៀតចង់សិក្សាស្វែងយល់អំពីការងារគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅប្រទេសកូរ៉េ ជាពិសេសលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការស្តានីតិសម្បទាគ្រឿងញៀនជាដើម»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរលោក អូ ណាក់យ៉ុង ( Oh Nay-young ) បានលើកឡើងថា ប្រទេសកូរ៉េរីករាយជានិច្ច ចំពោះកិច្ចសហប្របត្តិការ និងការជួយដល់ប្រទេសកម្ពុជាលើការគ្រប់គ្រង់ផ្នែកសន្តិសុខទូទៅ និងការជួយអ្វីផ្សេងៗទៀត។ ជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរអគុណចំពោះសម្តេចក្រឡាហោម ស ខេង ក៏ដូចជាសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានរៀបចំសន្តិសុខដ៏ល្អជូនដល់ប្រធានាធិបតីកូរ៉េ ដែលបានមកបំពេញទស្សនកិច្ចកម្ពុជា កាលពីពាក់កណ្តាលខែកន្លងទៅនេះផងដែរ៕ធ.ដ
