លោក ម៉ៃ ប៉ុមប៉េអូ សង្ឃឹមថា ជំនួបកំពូលជាថ្មីរវាងអាម៉េរិក-កូរ៉េខាងជើង នឹងកើតឡើងនាប៉ុន្មានខែទៀតនេះ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងរំពឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជួបគ្នាសាជាថ្មីម្តងទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងអាចធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃចន្ទ ម្សិលមិញ ប្រមុខការទូតអាម៉េរិករូបនេះ បានកត់សម្គាល់ថា វាគឺជារឿងមួយដែលពិបាក ដើម្បីការបញ្ជាក់ពីពេលវេលាច្បាស់លាស់ សម្រាប់ជំនួបកំពូលជាលើកទី៣ រវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង ប៉ុន្តែលោកអះអាងថា វាជាចំណាប់អារម្មណ៍ដ៏ល្អបំផុតរបស់សហរដ្ឋអាម៉េរិក ក្នុងការដោះស្រាយបញ្ហានេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សូមរំលឹកថា រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍អ្វីឡើយ៕ធ.ដ

