ក្រសួងបរិស្ថានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្ងៃច័ន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដល់មហាគ្រួសារក្រសួងបរិស្ថាន នាក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ កាន់តែខិតជិតចូលមកដល់នាទីស្តីការក្រសួង។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថានជាច្រើននាក់។ ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់ និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។ ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងបរិស្ថាន បានរៀបចំឱ្យមានការសម្តែងសិល្បៈបុរាណ ដូចជា របាំជូនពរ និងរបាំត្រុដ ផងដែរ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៥២ គឺប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ដែលមានទេវតា ព្រះនាមទុង្សាទេវី ជាបុត្រីទី១២ នៃកបិលមហាព្រហ្ម សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ ៕ម.ន










