អាជ្ញាធរខេត្តព្រះវិហារថា អ្នកសារព័ត៌មានជាដៃគូដ៏ល្អរបស់ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពការងារ
ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ បានជំរុញដល់អភិបាលក្រុងស្រុកទាំង៨ របស់ខេត្ត កុំរើសអើង ចាត់ទុកអ្នកសារព័ត៌មានជាយន្តការដាច់ដោយឡែក បើយើងចាត់ទុកអ្នកសារព័ត៌មានដាច់ដោយឡែកនោះ យើងនឹងស្ថិតក្នុងភាពឯកកោ ជាថ្នាក់ដឹកនាំគ្មានការទំនាក់ទំនង។

អភិបាលខេត្តឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ កម្មវិធីនេះ ធ្វើឡើងដោយមន្ទីរព័ត៌មានខេត្ត និងមានការចូលរួមពីឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អភិបាលស្រុកក្រុងទាំង៨ និងមន្ត្រីរាជកាចំណុះឲ្យខេត្ត ព្រមទាំងអ្នកសារព័ត៌មានចំនួន៣៩ស្ថាប័ណ្ណ រួមនឹងសហការីមន្ទីរព័ត៌មាន ម្ចាស់វិទ្យុ ទូរទស្សន៍ខ្សែកាប បានអញ្ជើញចូលរួមកម្មវិធីនេះនៅសាលប្រជុំសាលាខេត្តព្រះវិហារផងដែរ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មាន គឺជាដៃគូដ៏ល្អរបស់ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពការងារ និងសមិទ្ធផលថ្នាក់ក្រោមជាតិសម្រេចបាន ក្នុងពេលបច្ចុប្បន្ននេះ។ ជាមួយនឹងការចាត់ទុកអ្នកសារព័ត៌មានជាដៃគូដ៏ល្អនោះ អ្នកសារព័ត៌មានត្រូវមានភាពស្មោះត្រង់ ដោយផ្សាយនូវព័ត៌មានជាក់លាក់ តាមវិជ្ជាជីវៈ ក្រមសីលធម៌ពិតជាក់ស្តែង មិនបំភ្លៃ មានមូលដ្ឋានច្បាស់លាស់ មិនប្រឌិតព័ត៌មាននាំឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងថ្នាក់ដឹកនាំ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឲ្យអ្នកសារព័ត៌មាន ត្រូវចេះសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការប្រាស្រ័យទាក់ទងដោះដូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសត្រូវចេះឆ្លើយតបនឹង វាយបកចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សាយប្រឌិតក្នុងខេត្តរបស់យើង៕ធ.ដ
ដោយៈ សួន លីណា





