បុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ នៅសង្កាត់បឹងព្រលិត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា ត្រូវរថយន្តមិនស្គាល់ម៉ាកបុកចំហៀងខាងស្តាំ បណ្ដាលឲ្យបោកនឹងថ្នល់បែកក្បាលស្លាប់ កាលពីម៉ោង៩យប់ ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ ២០១៩ នៅខាងកើតចម្ងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស ផ្លូវលេខ២១៤ កែងនឹងផ្លូវលេខ១៤១ តាមបណ្តោយផ្លូវភ្លោះ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានបើកម៉ូតូម៉ាក SUZUKI វីវ៉ា ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1BL.7769 ធ្វើដំណើរ តាមបណ្ដោយ ផ្លូវលេខ២១៤ ទិសដៅពីកើតទៅលិចសង្ស័យបញ្ច្រាស់ទិស ស្របពេលនោះ ស្រាប់ តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿន ក៏បុកម៉ូតូរងគ្រោះ ដែលជិះបញ្ច្រាស់ទិសដៅចរាចរណ៍ បណ្ដាលឲ្យម៉ូតូ ដួលសង្កត់លើបុរសរងគ្រោះ បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែក រថយន្តបង្កបានបន្ថែមល្បឿន បើករត់ គេចបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំសាច់ញាតិមកយកនៅពេលក្រោយ។ ដោយឡែក សព បុរសរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យទៅក្រុមគ្រួសារផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner