បណ្តាបក្សនយោបាយនៅថៃប្រកាសបង្កើតសម្ព័ន្ធប្រជាធិបតេយ្យ ប្រឆាំងនឹងរដ្ឋាភិបាលយោធា
បណ្តាគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦មីនា ម្សិលមិញ បានប្រកាសថា នឹងរួមគ្នាបង្កើតសម្ព័ន្ធមិត្តមួយ ដើម្បីទុបស្កាត់មិនឲ្យគណបក្ស ផ្លាង ប្រាឆារ៉ាត់ បង្កើតរដ្ឋាភិបាល ក្រោយពេលមានការបោះឆ្នោតដំបូង ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ២០១៤។
រដ្ឋាភិបាលយោធាទំនងជាមានឱកាសច្រើន ក្នុងការបង្វែរខ្លួនពីការកាន់អំណាចបែបរបបសឹក មកជារបបស៊ីវិលវិញ ក្រោយពេលលទ្ធផលបោះឆ្នោតបឋមបង្ហាញថា គណបក្សនេះទទួលបានសំឡេងគាំទ្រខ្លាំងហួសពីការរំពឹងទុក ក្នុងនោះ អ្នកបោះឆ្នោតប្រមាណ៧,៦លាននាក់ បានបោះឆ្នោតឲ្យគណបក្សផ្លាង ប្រាឆារ៉ាត់ បើយោងតាមការរាប់សន្លឹកឆ្នោតបានប្រមាណ៩៤ភាគរួចហើយនោះ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការណ៍នេះបង្ហាញថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្ស ផ្លាង ប្រាឆារ៉ាត់ នឹងមានឱកាសច្រើនក្នុងការក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលវិញម្តង បន្ទាប់ពីលោកដឹកនាំរបបសឹកនេះប៉ុន្មានឆ្នាំមកនេះ។
យ៉ាងណាក៏ដោយ គណបក្សប្រឆាំងដ៏ធំ ភឿថៃ ដែលគេដឹងថាបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ទទួលបានអាសនៈសភាច្រើនជាងគណបក្សរបស់ ផ្លាង ប្រាឆារ៉ាត់ របស់លោកប្រាយុទ្ធ ប៉ុន្តែត្រូវការសំឡេងគាំទ្រលើសពីពាក់កណ្តាលក្នុងចំណោមអាសនៈទាំងអស់ ទើបអាចមានសិទ្ធិបង្កើតរដ្ឋាភិបាលបាន បើមិនដូច្នោះទេ លោកប្រាយុទ្ធ នៅតែមានសិទ្ធិដែរ នេះបើតាមការច្បាប់បោះឆ្នោត។
គណបក្សអនាគតថ្មី Future Forward ដែលទទួលបានសំឡេងគាំទ្រជាង៥លានសំឡេងផងដែរនោះ បានប្រកាសតាមរយៈសេចក្តីថ្លែងកាលពីយប់ម្សិលមិញថា គេនឹងចូលរួមបង្កើតសម្ព័ន្ធគណបក្ស ប្រឆាំនឹងការគ្រប់គ្រងរបស់យោធា។ គណបក្សទាំងនោះគ្រោងនឹងជួបប្រជុំគ្នា នៅថ្ងៃពុធទី២៧ មីនានេះ ដើម្បីបង្ហាញកាន់តែលម្អិតពីផែនការនេះ។
គណបក្សតូចមួយទៀត ឈ្មោះថា Phumjaithai ក៏បានបង្ហាញពីបំណងប្រឆាំងនឹងគណបក្សយោធារបស់លោកប្រាយុទ្ធ ចាន់អូចាដែរ ក្នុងនោះដែរ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សវ័យ៥២ឆ្នាំគឺលោក Anutin Charnivirakul ធ្លាប់បានសន្យាថា នឹងបង្កើនចំណូលពលរដ្ឋតាមជនបទ នៅភាគខាងកើតឆៀងខាងជើង តាមរយៈការអនុញ្ញាតឲ្យមានការដាំដើមកញ្ឆានោះ។
គួរបញ្ជាក់ថា ពលរដ្ឋថៃបានបោះឆ្នោតសកល កាលពីថ្ងៃទី២៤ មីនា ២០១៩ ប៉ុន្តែលទ្ធផលត្រូវបានពន្យារពេលប្រកាស រហូតដល់ចុងសប្តាហ៍នេះ។ យ៉ាងណាក៏ដោយ ក៏មិនមានការបង្ហាញលទ្ធផលបឋមខ្លះៗដែរ៕ធ.ដ