រថយន្ត RANGE ROVER បង្កគ្រោះថ្នាក់ បណ្ដាលឲ្យនិស្សិតស្រីម្នាក់ស្លាប់នៅខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់បានហើយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តម៉ាក RANGE ROVER ដែលបានបើកបុក ម៉ូតូបណ្តាលឲ្យនារីម្នាក់ជានិស្សិតស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃអង្គារ ទី២៦  ខែមីនាឆ្នាំ២០១៩  នៅតាមបណ្តោយផ្លូវ៣១៧ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ហើយព្យាយាមបើកគេចខ្លួនរហូតមកដល់វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៧ ខែមីនាឆ្នាំ ២០១៩ ទើបប្រទះឃើញនៅមុខយានដ្ឋាន ឯក រិទ្ធី តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា  ក្រោយរថយន្តបង្កបានបើកបុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់កាលពីថ្ងៃហើយបើកគេចខ្លួន  ទើបឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឲ្យនគរបាលទាំង១២ខណ្ឌ តាមស្រាវជ្រាវរករថយន្តខាងលើ និងចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ រហូតមកដល់វេលាខាងលើ កម្លាំងនគបាលស្ទឹងមានជ័យទី៣ ល្បាតក្នុងមូលដ្ឋានទើបប្រទះឃើញរថយន្តខាងលើទើបតែយកចេញពីយានដ្ឋានឯក  រិទ្ធី  បំណងហៅរថយន្តមកស្ទូចទៅបន្តទៀតទើបឃាត់តែម្តង។

សូមបញ្ជាក់ថាជនរងគ្រោះឈ្មោះ ឌុំ រីដា ភេទស្រី អាយុ២៣ឆ្នាំ  មានស្រុកកំណើតនៅភូមិព្រែកតាម៉ាក់  ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខកណ្តាល1J 5254 ។ ចំណែករថយន្តបង្កម៉ាកRANGE Roverពណ៍ខ្មៅ  ពាក់ផ្លាកលេខ ភ្នំពេញ2AF 7777។ បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅស្នងការនគរបាលជាតិរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner