បើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់
ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តម៉ាក KIA morning បោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូល ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ នៅមុខផ្សារទួលគោក ផ្លូវ២៨៩ កែងនឹងផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកKIA morning ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ2AX -0635 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ