ឯកឧត្តម សៅ សារឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៉ែន សារ៉េត

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីចូលរួមរំលែកទុក្ខជាមួយនឹងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក និងក្រុមគ្រួសារសពឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន សារ៉េត  នារសៀលថ្ងៃ អង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ ប្រតិភូក្រសួងការពារជាតិដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន  អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី កងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមានវត្តមានចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ព្រំ មរណៈ មេបញ្ជាការរងកងទ័ពជើគោក បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ឯកជូនសពឯកឧត្តម  ប៉ែន សារ៉េត  ជាកិច្ចបច្ឆាមរណៈ។

សូមបញ្ជាក់សពឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន សារ៉េត នាយរងសេនាធិការបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាពវេលាម៉ោង 4 : 30 នាទី ទៀបភ្លឺថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយសាររោគាពាធ។ សពឯកឧត្តម  ប៉ែន សារ៉េត ត្រូវបានក្រុមគ្រួសារសពសហការជាមួយក្រុមការងារទីចាត់ការព្រំដែន និងគណៈកម្មការបានរៀបចំបុណ្យសពបានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងបែបពិធីការកងទ័ពនៅគេហដ្ឋាននៃក្រុមគ្រួសារសព ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ។ ប្រតិភូ គណៈកម្មការរៀបចំបុណ្យសព ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន  ក៏បាននាំយកនូវថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួនជាង៣១លានរៀល ដើម្បីប្រគល់ជូនលោកជំទាវជាភរិយាសព។

ឯកឧត្តមបានបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភសម្រាប់ ពិធីបុណ្យសពនាពេលនេះគឺបានមកដោយគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលសម្តេចតេជោ ទាំងពីរ តែងតែគិតគូរខ្ពស់ និងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហាន ពលី ពិការ មរណៈ ព្រមទាំងបងប្អូនអតីតយុទ្ធជន ទាំងអស់ ទោះស្ថិតក្នុងការគ្រប់គ្រងឬចូលនិវត្តន៍ ហើយក៏ដោយ ក៏រាជរដ្ឋានភិបាល ព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានតាមបីបាច់ផែរក្សាជានិច្ចព្រមទាំងបាន កសាងផ្ទះស្នាក់នៅ មជ្ឍមណ្ឌលពិការជាច្រើនកន្លែង ដើម្បីជាការលើកទឹកចិត្ត ដល់ញាតិមិត្ត និងក្រុមគ្រួសារនៃសព។

គ្រប់គណៈប្រតិភូ បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្ត សោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ នាយទាហានជាន់ខ្ពស់ក្នុង បញ្ជាការដ្ឋានកងទ័ពជើងគោកមួយរូប ដែលមួយជីវិតរបស់ឯកឧត្តម បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈនារយៈពេលកន្លងមក។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន សារ៉េត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner