ចំណងដៃឆ្នាំថ្មីជូនប្រជាពលរដ្ឋ៖ ស្ពានជ្រោយចង្វារទី១ នឹងដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវការនៅថ្ងៃទី៣ ខែមេសាខាងមុខនេះ
កាដូសម្រាប់ប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខែចេត្រ ត្រូវនឹងខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលនឹងផ្តល់ចំណងដៃក្នុងការសម្រួលចរាចរណ៍ ឆ្លងកាត់ស្ពានជ្រោយចង្វារទីមួយដាក់ឲ្យដំណើរការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។
ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីក្រសួង តំណាងក្រុមហ៊ុនជួសជុលសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណបច្ចេកទេស និងអាជ្ញាធរមានសមត្ថកិច្ចបានចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដែលគ្រោងនឹងត្រូវបើកសម្ពោធដាក់ឱ្យសាធារណជនប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការសាងសង់ និងជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទី១)នេះ បានសម្រេចការជួសជុលឡើងវិញ រួចរាល់ជាស្ថាពរនៅមុនផែនការកំណត់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ឆ្លងកាត់លើស្ពាននេះ បន្ទាប់ពីត្រូវបានបិទផ្អាកការធ្វើចរាចរណ៍អស់មួយរយៈពេលកន្លងមកនេះ។
ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)នេះ បានធ្វើការជួសជុល និងកែលម្អឡើងវិញដោយក្រុមហ៊ុនម៉ៅការសាងសង់របស់ជប៉ុន ដែលជាជំនួយឥតសំណង់ពីដ្ឋាភិបាលជប៉ុនចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានបើកដាក់ឲ្យធ្វើដំណើរឆ្លងកាត់ជាសាធារណៈចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោយពីបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ធ.ដ