ឆក់ខ្សែ-កមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ អ្នកម៉ូតូឌុបម្នាក់ពាក់ខ្សែ-កជិត២តម្លឹង ធ្វើឲ្យជនសង្ស័យម្នាក់ឃើញ ក៏ធ្វើសកម្មភាពឆក់ខ្សែក តែមិនដាច់ ទើបគាត់ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី២៦ មីនា ២០១៩ នៅផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឹម ភារិទ្ធ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សែកែវ។ ចំណែកជនរងគ្រោះឈ្មោះអ៊ុក សារុន អាយុ៣៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមសម្តី ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូម៉ាក SUZUKI Let’s ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1AH-5364 ត្រឡប់មកពីទិញគុយទាវ គោលបំណងត្រឡប់ទៅផ្ទះវិញ មកដល់គោលដៅខាងលើ ស្រាប់តែមានជនសង្ស័យជិះម៉ូតូម៉ាក BEAT ពណ៌ សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1HO-4318 មកពីក្រោយធ្វើសកម្មភាពឆក់យកខ្សែកគាត់ តែមិនដាច់ ក៏ប្រទាញទៅប្រទាញមក ពេលនោះគាត់ស្រែកចោរៗក៍ផ្អើប្រជាពលរដ្ឋនៅក្បែនោះចាប់បានភ្លាមៗ និងបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ