ក្រសួងរៀបចំដែនដី ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបូមសាកល្បងស្ថានីយ៍បូមទឹកកខ្វក់ទាំងបួន នៅក្រុងព្រះសីហនុ
ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ភ្នាក់ងារសារព័ត៌ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ថា អនុវត្ដតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារអន្ដរក្រសួង ដែលក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានខិតខំប្រឹងប្រែងសហការជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ (ក្រុមការងារខេត្ដ) រិះរកកៀរគររកមូលនិធិ និងស្នើសុំកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ក្នុងការររៀបចំដោះស្រាយបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ (ទឹកស្អុយ) ដោយបានធ្វើស្ថានីយ៍បូមបណ្ដាក់ចំនួនបួនកន្លែង នៅក្នុងក្រុងព្រះសីហនុ ដើម្បីបូមទឹកខ្វក់ទៅចូលអាងចម្រោះនៅអូឈើទាល រួមទើបបង្ហូរទៅសមុទ្រ។
ឯកឧត្តមបន្តថា ស្ថានីយ៍ទី១)នៅឆ្នេរឯករាជ្យ ទី២)នៅក្រោយសណ្ឋាគារសុខាប៊ិច ទី៣)នៅអូរសំអាត និងស្ថានីយ៍ទី៤)នៅឆ្នេរអូរឈើទាល។ ស្ថានីយ៍ទាំងបួន ត្រូវបានរៀបចំសាងសង់ឡើងអស់រយៈពេល៤ខែ។ នៅថ្ងៃនេះ គឺក្រុមការងារចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបូមសាកល្បងបានដោយជោគជ័យ ហើយនឹងដាក់ឲ្យដំណើរការបូមជាផ្លូវការនៅថ្ងៃទី២៩ ចុងខែមីនា ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។
ឯកឧត្តមបានឲ្យដឹងទៀតថា ស្ថានីយ៍ទី១ បូមទម្លាក់ទៅទី២ ទី២បូមទម្លាក់ទៅទី៣ ស្ថានីយ៍ទី៣ និងស្ថានីយ៍ទី៤ បូមទម្លាក់ទៅអាងចម្រោះមេកានិកធំនៅអូរឈើ១៦ហិកតា។ ស្ថានីយ៍អាងចម្រោះនេះ ដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំបំពាក់មេកានិកដើម្បីបង្កើនសមត្ថភាពចម្រោះ ពី៥,៧០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទៅដល់២៥០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ចាប់ពីខែមេសា ឆ្នាំ២០១៩នេះតទៅ បញ្ហាទឹកកខ្វក់ ឬទឹកស្អុយហូរចូលទៅសមុទ្រនឹងលែមានទៀតហើយ។ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រកន្លងទៅនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្នាក់ជាតិ (អន្តរក្រសួង) និងថ្នាក់ក្រោមជាតិ (ខេត្តព្រះសីហនុ) បានខិតខំស្វែងរកដំណោះស្រាយរហូត ក៏បានសាងសង់ស្ថានីយ៍បូមបណ្ដាក់នេះឡើង សម្រាប់ដោះស្រាយបញ្ហាទឹកកខ្វក់ហូរទៅបំពុលទឹកសមុទ្រ និងឆ្នេរនេះ។
គួររំឭកផងដែរថា គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានបង្កើតឡើងជាអន្ដរក្រសួង ដែលមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដី ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ក្រសួងទេសចរណ៍ ឯឧត្ដមរដមន្ត្រី ថោង ខុន ជាអនុប្រធាន ក្រសួងបរិស្ថាន ឯកឧត្ដមរដ្ឋមន្ត្រី សាយ សំអាល់ ជាអនុប្រធាន ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្ដមរដ្ឋមន្ត្រី លឹម គានហោ សមាជិកពាក់ព័ន្ធជាច្រើនទៀត៕ធ.ដ
ដោយៈ គង់ ប៊ុនថា