អ្នកវិទ្យាសាស្រ្តរបស់ NASA បកស្រាយពីអាថ៌កំបាំងខ្លះៗនៃអាចម៍ផ្កាយ Ultima Thule ដែលនៅចុងប្រព័ន្ធព្រះអាទិត្យ

សហរដ្ឋអាម៉េរិក៖ ក្រុមការងារនៃបេសកកម្ម ញ៊ូ ហើរីហ៊្សូន (New Horizon) របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានបកស្រាយឲ្យដឹងនូវអាថ៌កំបាំងមួយចំនួននៃដុំថ្មអវកាស អ៊ុលធីម៉ា ធូល (Ultima Thule) ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់ ខៃភើ (Kuiper Belt) នៅឯចុងប្រព័ន្ធព្រះអាទិត្យ។ បច្ចុប្បន្ន យានអវកាស ញ៊ូ ហើរីហ៊្សូន កំពុងស្ថិតនៅចម្ងាយ៦,៦ពាន់លានគីឡូម៉ែត្រពីភពផែនដី។

អ្វីដែលអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA បានដឹងនាពេលនេះ នោះគឺ អ៊ុលធីម៉ា ធូល គឺជាដុំថ្មអវកាសពីរដែលនៅជាប់គ្នា ដោយផ្នែកមួយមានរាងសំប៉ែត និងធំ ត្រូវគេដាក់ឈ្មោះឲ្យថា អ៊ុលធីម៉ា និងផ្នែកមួយទៀតរាងតូច តែមានលក្ខណៈមូលជាងត្រូវបានហៅថា ធូល។ ដុំថ្មទាំងពីរ ត្រូវគេជឿថា កាលពីអតីតកាលធ្លាប់បានគោចរជុំវិញគ្នា រហូតដល់ពេលអ្វីម៉្យាងបានធ្វើឲ្យពួកវាខាំជាប់គ្នា។

រីឯពណ៌ និងសមាសធាតុនៃដុំថ្មអវកាស អ៊ុលធីម៉ា ធូល គឺមានពណ៌ក្រហមខ្លាំង ពោលគឺក្រហមខ្លាំងជាងភពមិនពេញលក្ខណៈ ភ្លុយតូ (Pluto) ទៅទៀត ដែលត្រូវបានយាន ញ៊ូ ហើរីហ៊្សូន ហោះកាត់កាលពី២០១៥ នៅតំបន់ផ្នែកខាងក្នុងនៃខ្សែក្រវាត់ ខៃភើ។ ក្រៅពីនេះអ្នកវិទ្យាសាស្រ្តក៏បានឃើញពីភ័ស្តុតាងនៃសារធាតុមេតាណុល ទឹកកក និងម៉ូលេគុលសរីរាង្គ នៅលើផ្ទៃរបស់ដុំថ្ម អ៊ុលធីម៉ា ធូល ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner