រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវឲ្យពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងស្លាកសញ្ញាទិសចរាចរណ៍ផ្លូវគោកតាមដងផ្លូវនានាក្នុងខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

ដោយមើលឃើញពីភាពអនាធិបតេយ្យ និងខ្វះសណ្តាប់ធ្នាប់ ក្នុងការបើកបរយានជំនិះ និងយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ទៅមកនៅលើដងផ្លូវ សាធារណៈក្នុងទីប្រជុំក្រុង-ខេត្តបាត់ដំបង កន្លងមកនេះ និងក្នុងគោលបំណងដើម្បីកាត់បន្ថយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឲ្យកាន់តែថយចុះ និងគិតគូរពីសុវត្ថិភាពក្នុងការបើកបរ អាជ្ញាធរខេត្តបាត់ដំបង បានអំពាវនាវយ៉ាងទទូចដល់ ប្រជាពលរដ្ឋ ឲ្យនាំគ្នាចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ដែលបានដាក់នៅតាមដងផ្លូវសំខាន់ៗ ត្រូវគោរពឲ្យបានត្រឹមត្រូវ ដោយខ្ជាប់ខ្ជូន។ កុំនាំគ្នាខ្លាចនៅ ពេលដែលឃើញសមត្ថកិច្ចជំនាញចុះអនុវត្តន៍ក្នុងការងាររឹតបន្តឹង និងធ្វើការផាកពិន័យ ទើបនាំគ្នាខ្លាច និងគោរព។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅក្នុងឱកាសចុះពិនិត្យមើលពីស្ថានភាពចរាចរណ៍ទៅមកនៅលើដងផ្លូវនានាក្នុងទីប្រជុំជនក្នុងក្រុងបាត់ដំបង។ ជាពិសេស ការធ្វើ ចរាចរណ៍យ៉ាងមមាញឹក នៅតាមដងផ្លូវជុំវិញផ្សរណាត់បាត់ដំបងកន្លង ដែលបានបង្កនូវការកកស្ទះចរាចរណ៍ទៅមកនៅម្តុំនោះ ជារៀងរាល់ថ្ងៃ និងបង្កការរអ៊ូរទាំពីប្រជាពលរដ្ឋ និងអ្នកធ្វើ ដំណើរនៅទីនោះ។

 

ការថ្លែងបែបនេះ គឺក្នុងពេលដែលឯកឧត្តម និងថ្នាក់ដឹកនាំរដ្ឋបាលក្រុង មន្ទីរជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះកំណត់នូវទីតាំងដាក់ស្លាកសញ្ញាចរាចរណ៍ ជុំវិញបរិវេណផ្សារណាត់ក្នុងក្រុងបាត់ដំបង នៅចុងសប្តាហ៍ថ្មីៗកន្លងទៅនេះ។ ឯកឧត្តម សឿម ប៊ុនរិទ្ធ បានលើកឡើងថា ប្រជាពលរដ្ឋត្រូវចេះយល់ដឹងពីស្លាកសញ្ញាចរាចរណ៍ផ្សេងៗ និងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់ៗគ្នាក្នុងខណៈពេលដែលយើងបើកបរយានយន្តនិងយានជំនិះផ្សេងៗធ្វើចរាចរណ៍នៅលើដងផ្លូវ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ ក៏បានគូសបញ្ជាក់ទៀតថា ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងការកក់ស្ទះចរាចរណ៍។ អាជ្ញាធរខេត្តបាត់ដំបង បានពុះផ្លូវភ្លោះ និងដំឡើងភ្លើងស្តុបតាមផ្លូវបំបែកគោលដៅធំៗ ព្រមទាំងដាក់ភ្លើងបំភ្លឺផ្លូវ នៅក្នុងទីក្រុង ជាបន្តបន្ទាប់ទៀតផង។

ឯកឧត្តមបានណែនាំដល់អាជ្ញាធរក្រុង មន្ទីរជំនាញ និងសមត្ថកិច្ចប៉ូលិសចរាចរណ៍ខេត្តថា មុននឹងមានវិធានការផាកពិន័យ សមត្ថកិច្ចជំនាញត្រូវតែចុះធ្វើការអប់រំ និងណែនាំដល់បងប្អូនដែល បើកបរយានយន្តឆ្លង កាត់ទីនេះ ឲ្យពួកគាត់យល់ដឹងពីស្លាកសញ្ញាហាមបត់ឆ្វេងដែលទើបនឹងដាក់ថ្មីៗនៅជុំវិញខាងលិចផ្សារណាត់ និងសំណូមពរក៏ដូចណែនាំឲ្យអ្នកបើកបរទាំងនោះ ត្រូវតែ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក៏ដូចជាណែនាំឲ្យបញ្ឈប់នូវរាល់ការឈប់សំចតយានយន្ត នៅក្នុងក្រុង ដោយគ្មានសណ្តាប់ និងបំពានលើគំនូសឲ្យឈប់សំចតស្ថិតនៅ (ផ្សារធំ បាត់ដំបង)ឬផ្សារណាត់ និងផ្លូវសំខាន់ផ្សេងៗទៀត។ ពលរដ្ឋត្រូវចតរថយន្តឲ្យមានរបៀបរយ និងមានសណ្ដាប់ធ្នាប់ ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរបានចូលមកទស្សនានៅក្នុងខេត្តឲ្យ កាន់តែច្រើនថែមទៀត៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner