ជិះម៉ូតូជែងរថយន្តមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបញ្ច្រាស់គ្នា រងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូវ៉ាជែងរថយន្តមិនប្រយ័ត្ន បណ្ដាលឲ្យជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីម៉ោង១១និង២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវលេខ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ អ្នកបើកបរម៉ូតូមិនទាន់ស្គាលអត្តសញ្ញាណនៅឡើយទេ ភ្លាមៗរថយន្តសាម៉ុយក្លីនិកឯកជនដឹកយកទៅសង្រោ្គះបន្ទាន់ផងដែរ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ បានឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BG-1436 ក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុ បានបន្ថែមល្បឿនវ៉ាជែងរថយន្តបើកនៅខាងមុខ តែមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AP-6718 បើកបរក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា ក៏បុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាម៉ុយក្លីនិកឯកជនដឹកយកទៅសង្គ្រោះ។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចមូលដ្ឋានចុះវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយពេលក្រោយ៕ធ.ដ