លោកស្នងការរាជធានីភ្នំពេញ នឹងទាក់ទងទៅប្រធានគោលដៅផ្ទាល់ ប្រសិនបើមានរថយន្តធំចូលក្រុង
ភ្នំពេញ៖ បញ្ហាឡានធំចូលក្រុងនៅតែជាបញ្ហាក្តៅបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ ព្រោះបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ បើទោះបីជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ស្រែកស្ទើរបែកបំពង់កក្តី។ ទាក់ទៅនឹងបញ្ហានេះ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា នឹងទាក់ទងទៅកាន់ប្រធាន គោលដៅចរាចរណ៍ផ្ទាល់ បើមានឡានធំចូលគោលដៅនោះ។
លោក ស ថេត ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីស្តាប់រាល់មតិយោបល់ និងបញ្ហាប្រឈមនានាពីប្រធានគោលដៅចរាចរណ៍ និងមន្រ្តីនគរបាលចរាចរណ៍ដែលអនុវត្តផ្ទាល់តាមគោលដៅ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ ថា “ខ្ញុំនឹងទាក់ទងទៅប្រធានគោលដៅចរាចរណ៍ផ្ទាល់ នៅពេលដឹងថាមានរថយន្តធុនធំចូលគោលដៅណានោះ”។
លោកស្នងការ បានថ្លែងបញ្ហាជាច្រើនទៀតដូចជា ស្តាប់មតិពីប្រធានគោលដៅចរាចរណ៍មួយចំនួន បានដឹងថា គោលដៅរបស់ពួកគាត់ ភាគច្រើនស្នើបន្ថែមកម្លាំង ព្រោះគោលដៅខ្លះ មានតែកម្លាំងតែ៣នាក់ ហើយកម្លាំងចាស់ៗ ភាគច្រើនមានជំងឺទឹកនោមផ្អែម និងចាស់ជរាជាដើម។ ផ្តល់រថយន្ត៣គ្រឿងដល់ក្រុមអន្តរាគមន៍ចរាចរណ៍ ដើម្បីឲ្យពួកគាត់ងាយចល័តទៅដោះកន្លែងកកស្ទះខ្លាំង។ កំពុងគិតរកកន្លែងឲ្យមន្រ្តីនគរបាលចរាចរណ៍ស្នាក់នៅកន្លែងគោលដៅតែម្តង ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងទប់ស្កាត់បទល្មើសផ្សេងៗទៀត។ ត្រូវបន្តកែឥរិយាបថ និងសំដីត្រូវទន់ភ្លន់ ដោយមិនត្រូវអង្គុយលើម៉ូតូ ឬចុចទូរសព្ទ ពេលដែលផ្លូវកំពុងកកស្ទះឡើយ។ ត្រូវឈរលើគំនូសថ្មើរជើង ដើម្បីអប់រំពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍។ អរគុណដែលប្រធានគោលដៅចរាចរណ៍ដែលលើកឡើងបញ្ហាចំៗ។ ពេលផាករថយន្តគ្រប់ប្រភេទ ត្រូវឲ្យឡានអែបស្តាំ កុំនៅកណ្តាលផ្លូវ។ ការដាក់ទីតាំងអចិន្រ្តៃយ៍ ក្នុងការឃាត់រថយន្តធុនធំ មាន៣គោលដៅ ដូចជាផ្លូវហាណូយ ផ្លូវ២០០៤ និងផ្លូវជាតិលេខ១ និង ត្រូវបន្តត្រួតពិនិត្យគ្រឿងស្រវឹងជាប្រចាំ ដើម្បីទប់ស្កាត់រាល់បទល្មើស។ កំណត់ពេលវេលាប្រជុំជាប្រចាំខែ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម។ ត្រូវត្រៀមខ្លួនសម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុប៕ម.ន