សំណុំរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្ត រ៉ុក៖ សមត្ថកិច្ចចាប់ខ្លួនបាន៤នាក់ បន្ថែមទៀត
ភ្នំពេញ៖ សំណុំរឿងគ្រឿងញៀនដ៏កក្រើកនៅមជ្ឈមណ្ឌលកម្សាន្ត រ៉ុក នៅពុំទាន់បញ្ចប់នៅឡើយទេ ដែលពេលនេះសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៤នាក់ បន្ថែមទៀត ក្នុងចំណោម១៥នាក់ ដែល មានឈ្មោះក្នុងដីកាចាប់ខ្លួនរបស់តុលាការ។
ការចាប់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់នេះក្រោយពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បញ្ជាឱ្យ សមត្ថកិច្ចចាប់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់ករណីគ្រឿងញៀននេះ។ ពាក់ព័ន្ធបញ្ហានេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែង ប្រាប់ សារព័ត៌មានក្នុងស្រុក មួយនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ នេះថាប៉ុន្មានថ្ងៃនេះកម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀននៅ មជ្ឈមណ្ឌល កម្សាន្ត រ៉ុក ក្នុងចំណោមជនសង្ស័យ១៥នាក់ ដែលតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន។ នាយឧត្តមសេនីយ៍បន្ថែម ថា ជនសង្ស័យ៤នាក់ដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលនៅពេលនេះកំពុងស្ថិតក្រោមការសួរនាំយ៉ាងយកចិត្តទុកដាក់ពីតំណាងអយ្យការ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែង ថា មន្ដ្រីនគរបាលម្នាក់ដែលកំពុងតាមចាប់ខ្លួននោះ គឺជាប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលពាក់ស័ក្ដិ៤។
នាយការិយាល័យប្រឆាំងគ្រឿងញៀន លោក អ៊ាវ ភារិទ្ធ បានឲ្យដឹងថា ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងតាមចាប់ខ្លួននេះឈ្មោះ ឡេង សុខគង់ ហើយរហូតមកដល់ពេលនេះកំពុងតែរត់គេចខ្លួន៕ធ.ដ