នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការ
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា កាន់តុលាការ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលការ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង៥នាក់ ត្រូវបានចោទពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងពីបទលួច ម្នាក់ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងរួចរាល់។ ជនសង្ស័យទាំង៩ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើស៕ធ.ដ