ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្វើសិក្ខាសាលាស្តីពីទស្សនៈយេនឌ័រ ការវិភាគយេនឌ័រ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំសិក្ខាសាលាស្តីពីទស្សនៈយេនឌ័រ ការវិភាគយេនឌ័រ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី និងផ្សព្វផ្សាយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមក្រុមប្រឹក្សាខេត្ត លោកស្រី  វិន ស៊ីធួន អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលបានប្រព្រឹត្តទៅនៅអគារប្រជុំក្រុមប្រឹក្សាខេត្ត។

លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាស្តីពីទស្សនៈយេនឌ័រនេះឡើង ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ ដែលសកលលោករកឃើញថា ជាគន្លឹះមួយដើម្បីជំរុញការលូតលាស់នៅក្នុងសង្គមជាតិនីមួយៗ ដែលមិនមែនសំដៅតែចំពោះនារីនោះទេ គឺសំដៅទាំងបុរស ទាំងស្ត្រី នៅពេលដែលគេរកឃើញថា ការចូលរួមនៅក្នុងសង្គមរបស់ភាគីណាមួយតិចជាងភាគីមួយទៀតនោះ គេនឹងជំរុញឲ្យមានភាពស្មើគ្នា។

ជាមួយគ្នានេះ លោកជំទាវ បានជំរុញ និងលើកទឹកចិត្តដល់នារីទាំងអស់ ត្រូវចូលរួមអប់រំ និងហ្វឹកហ្វឺនដើម្បីឲ្យស្ត្រីខ្មែរ ចេះពង្រឹងសមត្ថភាពខ្លួនឲ្យកាន់តែប្រសើរឡើង ចេះប្រើសិទ្ធិរបស់ខ្លួនឲ្យសមស្រប បង្កើនសេចក្តីក្លាហានក្នុងការបញ្ចេញមតិយោបល់ បង្កើនតួនាទីនិងភារកិច្ចជាមាតា និងជាភរិយាដ៏ល្អនៅក្នុងសង្គម។

ក្នុងឱកាសនោះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងគាំទ្រលើបញ្ហាយេនឌ័រ និងការលើកកម្ពស់តម្លៃស្រ្តី ដើម្បីធ្វើជាដៃគូ មិនអាចខ្វះបានក្នុងការបំពេញភារកិច្ចការងាររបស់ក្រសួងរបស់អង្គភាព របស់សង្គមជាតិ និងរបស់ពិភពលោកទាំងមូល ពីព្រោះស្ត្រីជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner