លោកជំទាវ ឃួន សុដារី និវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយការបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម

អត្ថបទដោយ៖
Kien Sereyvuth

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា ព្រឹកថ្ងៃទី២៥ មីនានេះ បាននិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយពីបានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់លោកជំទាវ តុង ធីហ្វុង អនុប្រធានទី១ រដ្ឋសភាវៀតណាមរួចមក។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាឱ្យដឹងថា គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២១ ដល់ទី២៥ ខែមីនា ឆ្នាំ២០១៩ ដោយក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាង ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ផ្អែកលើស្មារីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរប្រទេស ភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបន្តថែរក្សា ពូនជ្រុំ ពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រជាជាតិទាំងពីរឱ្យបានគង់វង្ស រឹងមាំ ដើម្បីជាប្រយោជន៍នៃកិច្ចការពារសុខសន្តិភាព ស្ថិរភាពរួម ដោយសមភាគីទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនៅលើគ្រប់ផ្នែករួមមានគណៈកម្មការជំនាញ និងអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម។

ជាមួយគ្នានេះ អនុប្រធានទី១រដ្ឋសភាវៀតណាមលោក ជំទាវ តុង ធីហ្វុង ក៏បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្ពុជា ដែលបានរៀបចំការបោះឆ្នោតជាសកល នីតិកាលទី៦ កាលពីឆ្នាំ២០១៨ ហើយក៏បានអបអរសាទរផងដែរ ដែលរដ្ឋសភាកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក កាលពីដើមឆ្នាំ២០១៩នេះ។

ឯកឧត្តម ឈាង វុន បានបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចនេះ រដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងការដាក់បញ្ចូលខ្លឹមសារបន្ថែមស្តីពីសមាជិកសភាវ័យក្មេង និងក្រុមសមាជិកសភាជាស្ត្រី នៅក្នុងកំណែសម្រួលកិច្ចព្រមព្រៀងថ្មី ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ សម្រាប់ដាក់ជូនប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាវៀតណាមចុះហត្ថលេខានាពេលខាងមុខ។ ជាមួយគ្នានេះរដ្ឋសភា ប្រទេសទាំងពីរ គ្រោងរៀបចំឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការរបស់ក្រុមសភាជាស្ត្រី ឬរៀបចំឱ្យមានសិក្ខាសាលា ដើម្បីផ្លាស់ប្តូរបទពិសោធន៍នៅពេលសមស្របណាមួយក្នុងឆ្នាំ២០១៩នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner