វៀតណាមបើកដំណើរការសណ្ឋាគារមាសដំបូងគេលើលោក ទោះស្ថិតក្នុងវិបត្តិកូវីដ១៩
វៀតណាម៖ បើទោះបីជាការធ្វើដំណើរការកម្សាន្ត នៅទូទាំងពិភពលោកកំពុងត្រូវបានផ្អាក ដ៏លើសលុបព្រោះតែជំងឺរាតត្បាតកូវីដ១៩ក៏ដោយ វៀតណាមបានដាក់ដំណើរការសណ្ឋាគារស្រោបមាសដំបូងលើពិភពលោក កាលពីចុងសប្តាហ៍កន្លងទៅ នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន econnimictimes កាលពីថ្ងៃទី៤ កក្កដា ម្សិលមិញ។
ប្រភពថា សណ្ឋាគារមានកម្ពស់២៥ជាន់មួយនេះមានតម្លៃ២០០លានដុល្លារអាម៉េរិក សាងសង់អស់មាស២៤ក្រាត់ នៅទីតាំងសំខាន់ៗក្នុងអគារ ដូចជាកន្លែងទទួលភ្ញៀវ បន្ទប់ ពែងទឹក ព្រមទាំងបន្ទប់ទឹកជាមួយនឹងសម្ភារប្រើប្រាស់ សុទ្ធតែមានស្រោបមាស ហើយសូម្បីតែផ្នែកខាងក្រៅអគារទាំងមូលក៏ចំណាយមាសប្រមាណ១តោនដែរ។
សណ្ឋាគារមានឈ្មោះថា Dolce Hanoi Golden Lake មួយនេះត្រូវបានចាត់ទុកជាសណ្ឋាគារសាងសង់ឡើងស្រោបមាស ដំបូងបំផុតនៅលើពិភពលោក ត្រូវបានបើកដំណើរការសម្រាប់ការធ្វើអាជីវកម្ម ហើយម្ចាស់សណ្ឋាគារបានបង្ហាញពីការជឿជាក់ថា ពួកគេនឹងចំណេញ បើទោះបីជាមានបញ្ហាជំងឺរាតត្បាតកូវីដ១៩ នាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរលើពិភពលោកក៏ដោយ។
ភ្ញៀវជនជាតិកូរ៉េខាងត្បូងម្នាក់ឈ្មោះថា Phillip Park បាននិយាយបែបកម្លែងថា «នៅពេលដែលខ្ញុំបានមកដល់ទីនេះ…ខ្ញុំអារម្មណ៍ថា ដូចជាស្តេច ស្តេចនៃប្រទេសអេហ្ស៊ីប» ៕





