ណេតសេះហោះយីហោ 63K 38P និង23B បង្កប់ល្បែងភ្នាល់បាល់តាមអ៊ិនធើណិត ក្នុងខណ្ឌសែនសុខច្រើនកន្លែង អាជ្ញាធរមិនបង្ក្រាប
ភ្នំពេញ៖ ទីតាំងណេតយីហោ 63K 38P និង23B បង្កប់ល្បែងភ្នាល់បាល់តាមអ៊ិនធើណិត ក្បែរផ្សារឈូកមាស ដុះស្លែរាប់សិនឆ្នាំមកហើយ ដែលមានទីតាំងតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់ភ្នំពេញថ្មី និងច្រើនទីតាំងទៀតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងរលូន ដោយកើបលុយពីក្រុមអ្នកញៀនល្បែងចាក់បាល់យ៉ាងរំភើយ ប៉ុន្តែអាជ្ញាធរខណ្ឌសែនសុខ មិនបង្ក្រាបទាល់តែសោះ។
យើងសង្កេតឃើញថា កាលពីពេលថ្មីកន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាតឹងរឹងឲ្យមន្ត្រីក្រោមឱវាទ ចាត់ការល្បែងស៊ីសងគ្រប់ប្រភេទ បែរជាមន្ត្រីមូលដ្ឋានខណ្ឌសែនសុខ មិនខ្វល់ចំពោះការបង្ក្រាបនោះទេ។ ប្រភពច្បាស់ការណ៍មួយបានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ បើកដំណើរការបានយ៉ាងរលូនបែបនេះ ដោយសារតែមានការត្រូវបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន មិនព្រមរាយការណ៍ជូនថ្នាក់លើ ដើម្បីសុំគោលការណ៍ចុះបង្ក្រាបទេ ព្រោះមានផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសបង្ក្រាបរាល់ការរាយការណ៍ចំពោះល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ដោយមានការបង្ក្រាបជាហូរហែ ប៉ុន្តែទីតាំងណេតដែលបង្កប់ល្បែងស៊ីសងនៅតាមមូលដ្ឋានទាំង១២ខណ្ឌ ឈរជើងបានយ៉ាងរឹងមាំដោយមិនមានការអើពើពីអាជ្ញាធរមូលដ្ឋានទាល់តែសោះ។
សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ សុទ្ធតែធ្លាប់បានចេញ បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់។
មហាជននឹងរង់ចាំមើលថា តើអាជ្ញាធរអាចហ៊ានចុះទៅបង្ក្រាបទីតាំងអ៊ីនធើណេតខាងលើនេះ បានដែរឬទេ ដោយទីតាំងណេតបង្កប់ល្បែងស៊ីសងឈ្មោះខាងលើនេះ មានពង្រាយជាច្រើនកន្លែងស្ទើរតែគ្រប់ទាំង១២ខណ្ឌ៕ធ.ដ