ថ្នាក់ដឹកនំាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រគល់រង្វាន់ដល់ជ័យលាភីថ្នាក់ជាតិ នៅក្នុងកម្មវិធីប្រកួតប្រជែង គំនូររថយន្តក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៣

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម្រាប់ការប្រកួតប្រជែងនាឆ្នាំនេះ ក្រុមហ៊ុនទទួលបានផ្ទំាងគំនូរពីបេក្ខជនដែលដាក់ពាក្យចូលរួមប្រកួតចំនួន១.២០១ផ្ទាំង ដែលប្រមូលបានពីការប្រកួតប្រជែងគូរគំនូរ នៅតាមសាលារដ្ឋ និងឯកជនផ្សេងៗនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលនេះគឺជាលទ្ធផលមួយដែលគួរឱ្យភ្ញាក់ផ្អើល ហើយនេះក៏បញ្ជាក់ឱ្យឃើញផងដែរថា ប្អូនៗ និងក្មួយៗជំនាន់ក្រោយ កំពុងតែចូលរួមបង្កើតនូវអ្វីដែលថ្មី និងពោរពេញដោយការច្នៃប្រឌិតខ្ពស់សម្រាប់ថ្ងៃអនាគត តាមរយៈការគូរគំនូរនេះ ។

ការថ្លែងបែបនេះ ត្រូវបានលោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើឡើងក្នុងពិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិនៃកម្មវិធី “ប្រកួតប្រជែងគូរគំនូររថយន្ត ក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតលើកទី១៣” នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ នាព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នំា២០១៩នេះ ។ លោកបន្តថា ចំពោះកម្មវិធីប្រកួតប្រជែងគូរគំនូរនេះ ក្រុមហ៊ុនចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នំា២០១៩ ហើយក្រោយពីគណៈកម្មការបានធ្វើកំណែ ក៏ដូចជាវាយតម្លៃលើគំនូរទំាងអស់យ៉ាងសុក្រឹត និងហ្មត់ចត់រួចមក យើងចម្រាញ់បានរូបគំនូរស្រស់ស្អាត និងមានអត្ថន័យល្អចំនួន១៣ផ្ទាំង ក្នុងនោះរូបគំនូរចំនួន៩ផ្ទាំង ទទួលបានជ័យលាភីថ្នាក់ជាតិ នឹងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងថ្នាក់ពិភពលោកនៅប្រទេសជប៉ុន ជាមួយនឹងរូបគំនូរដែលជាប់ជ័យលាភីពីបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ។

លោកបន្ថែមទៀតថា ចំណែកឯរូបគំនូរ៣ផ្ទាំងផ្សេងទៀតក៏ត្រូវបានជ្រើសរើសដោយថ្នាក់ដឹកនំាក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ឱ្យជាប់ជាផ្ទាំងគំនូរពិសេសនៅក្នុងប្រទេស និងរូបគំនូរ១ផ្ទាំងចុងក្រោយទៀត ត្រូវបានជ្រើសរើសដោយផ្ទាល់ពីលោកអគ្គនាយកក្រុមហ៊ុនផងដែរ ។
សូមបញ្ជាក់ថា ចំពោះជ័យលាភីថ្នាក់ពិភពលោករួមមាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ រង្វាន់ពិសេស រង្វាន់ចុងក្រោយ និងរង្វាន់ផ្សេងៗជាច្រើនទៀត ។ អ្នកដែលទទួលជ័យលាភីថ្នាក់ពិភពលោក នឹងទទួលបានដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន រយៈពេល៥ថ្ងៃ ៤យប់ ដើម្បីចូលរួមពិធីប្រគល់រង្វាន់នៅខែសីហា ឆ្នាំ២០១៩ខាងមុខ ជាមួយឪពុក ឬម្តាយ ឬអាណាព្យាបាលស្របច្បាប់មួយរូប៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner