គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកូរ៉េ ២តោនកន្លះ មានដឹករថយន្តសាំយ៉ុង ពីលើរថយន្តផងនោះ បានជ្រុលបុករថយន្តកុងទីន័រពីក្រោយចំពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលដែលរថយន្តកុងទីនរ័កំពុងឈប់ស្តុប កាលពីវេលាម៉ោង១១៖២៥នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅស្តុបទំនប់កប់ស្រូវ កែងផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ហ៊ាង សេងហ៊ុយ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរជាអ្នកបើករថយន្ដ នៅឃ្លាំងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ(2004) មានស្រុកកំណើតនៅភូមិជួរកណ្ដាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

ប្រភពពីកន្លែងកើតហេតុដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកុងទីន័រមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7061 កំពុងតែឈប់ស្តុបក្រហម នៅស្តុបទំនប់កប់ស្រូវ ស្រាប់តែមានរថយន្តប្រភេទកូរ៉េ២តោនកន្លះ ១គ្រឿង ពណ៌ស បើកបរដោយបុរសម្នាក់ ដោយមានដឹករថយន្តសាំយ៉ុងពីលើ ហើយបើកលឿនក៏ជ្រុលទៅបុករថយន្តកុងទីន័រចំពេញទំហឹង បណ្ដាលឲ្យកៀបជាប់អ្នកបើកបរក្នុងរថយន្ត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ពេលនោះដែរ អ្នកបើកបររថយន្តកុងតឺន័រ ឃើញដូច្នេះ បានចុះពីលើរថយន្ត រួចគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង។

បើយោងតាមសម្ដីមិត្តភក្តិរួមការងារជាមួយបានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់នោះ ត្រូវបានថៅកែឲ្យទៅយករថយន្តទាំង២គ្រឿង នៅកំពង់ផែក្រុងព្រះសីហនុ ដែលជាប្រភេទរថយន្តជជុះ ដោយយកមកទុកនៅក្នុងឃ្លាំងម្ដុំផ្លូវមៃដាផ្លូវ (2004)។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរចរណ៍នេះ ក៏មានក្រុមជួយសង្គ្រោះ៧១១ ចុះមកជួយអន្តរាគមន៍ កាត់ទ្វាររថយន្ត ដើម្បីយកសាកសពចេញពីក្នុកាប៊ីនរថយន្តផងដែរ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់ទៅឲ្យសាច់ញាតិជនរងគ្រោះផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner