ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជំរុញការប្រកាន់ភ្ជាប់ឱ្យបាននូវស្មារតី នៃការការពារជាតិ រក្សាអត្តសញ្ញាណជាតិ និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនានាដែលនឹងមកដល់នាពេលអនាគត
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្តម ហ៊ុន ម៉ានី ជំរុញការប្រកាន់ភ្ជាប់ឱ្យ បាននូវស្មារតីនៃការការពារជាតិ រក្សាអត្តសញ្ញាណជាតិ និងលើកតម្កើងវប្បធម៌ ប្រពៃណី និងប្រវតិ្ត សាស្រ្ត ក៏ដូចជាខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ទេពកោសល្យ ពង្រីកគំនិតច្នៃប្រឌិត និងត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែងនានាដែលនឹងមកដល់នាពេលអនាគត ។
ទន្ទឹមនឹងនោះ ការប្រកាន់ខ្ជាប់នូវ គុណធម៌ សីលធម៌ សាមគ្គីធម៌ និងការសន្តោសប្រណី យល់អធ្យាស្រ័យគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់មួយ ដែល ស.ស.យ.ក. តែងតែបណ្តុះស្មារតីដល់ សមាជិក សមាជិកា ដើម្បីចូលរួម រក្សាភាពសុខ ដុមក្នុងសង្គម និងធានាអនាគតសង្គមកម្ពុជាមួយដែលពោរពេញដោយសុខសន្តិភាព ដល់កូនចៅជំនាន់ ក្រោយ។
ការថ្លែងរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា តាមបណ្តាវិស័យ ក្រសួងស្ថាប័ន និងអង្គភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ សមាជិក សមាជិកា ជាងពីរពាន់នាក់ នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា យុវជនទាំងអស់គ្នាត្រូវរៀនសូត្រពីយុវជនជំនាន់មុន ក្នុងការអត់ធ្មត់តស៊ូ ប្រឈមមុខនឹងបញ្ហា ។ អនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដាក់ផលប្រយោជន៍សង្គមជាតិ និងប្រជាជនជាចម្បង ដើម្បីធានាការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខសន្តិភាពសម្រាប់អនាគត ។ គោលបំណងនៃការជួបជុំនេះ គឺដើម្បីបញ្ជ្រាបឱ្យកាន់តែច្បាស់ពីបុព្វហេតុ និងបេសសកកម្មនៃសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីត្រៀមខ្លួនចូលរួមឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តសង្គមកម្ពុជា ក្នុងនាមជាសមាជិក សមាជិកា ស.ស.យ.ក. និងជាមន្ត្រីរាជការម្នាក់ៗ។
ឯកឧត្តម ប្រធានស.ស.យ.ក បានលើកឡើងពីការត្រៀមខ្លួនរបស់សមាជិក សមាជិកា ទាំងអស់ក្នុងការប្រឈមមុខដោះស្រាយជាមួយបញ្ហានានាសម្រាប់ពេលអនាគត ដោយស្វែងយល់ពីបរិបទ ដែលយុវជនជំនាន់មុនធ្លាប់ឆ្លងកាត់ ។ ឯកឧត្តម បានបញ្ជាក់ថា «អ្វីដែលសមាជិក សមាជិការបស់យើង បានរួមគ្នាធ្វើកន្លងមកវាអាចនឹងគ្រប់គ្រាន់សម្រាប់ពេលបច្ចុប្បន្ន តែវាប្រហែលជាមិនអាចឆ្លើយតបទៅនឹងតម្រូវការ នាពេល១០ឆ្នាំខាងមុខទៀតនោះទេ ។
យើងបានសម្រេចការងារជាច្រើន ប៉ុន្តែទន្ទឹមនឹងនោះយើងក៏ទទួលស្គាល់ថាមានបញ្ហាជាបន្តបន្ទាប់ដែលយើងទាំងអស់គ្នា មិនថាក្នុងនាមជាសមាជិក សមាជិកា ស.ស.យ.ក. ឬក្នុងនាមជាមន្ត្រីរាជការមួយរូបបាននិងកំពុងជួបប្រទះ ប៉ុន្តែយើងទាំងអស់គ្នាត្រូវរៀនសូត្រពីយុវជនជំនាន់មុន ក្នុងការអត់ធ្មត់តស៊ូ ប្រឈមមុខនឹងបញ្ហា អនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដាក់ផលប្រយោជន៍សង្គមជាតិ និងប្រជាជនជាចម្បង ដើម្បីធានាការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខសន្តិភាពសម្រាប់អនាគត។ យើងត្រូវហ៊ានលះបង់ដើម្បីឱ្យប្រទេស និងប្រជាជនបានសុខ»។
ឯកឧត្តម បន្តថាជាមួយនឹងវិធីសាស្ត្រដ៏ជោគជ័យដែលយុវជនជំនាន់មុនបានអនុវត្តពីមួយដំណាក់កាល ទៅមួយដំណាក់កាល សហភាពសហព័ន្ធយុវជនកម្ពុជា សូមវាយតម្លៃខ្ពស់ និងប្តេជ្ញាបន្តគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីជ្រោងសង្គមកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពឲ្យកាន់តែប្រសើរ ៕ធ.ដ