ប្រជាពលរដ្ឋចាប់ជនសង្ស័យ២នាក់ប្រគល់ឱ្យសមត្ថកិច្ច ក្រោយពីឆក់កាបូបបានសម្រេច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រជាពលរដ្ឋនាំគ្នាដេញចាប់បានជនសង្ស័យ២នាក់ ក្រោយពីបានធ្វើសកម្មភាពឆក់ការបូបពីអ្នកដំណើរបានសម្រេច ពេលកំពុងជិះម៉ូតូឌុបគ្នា កាលពីម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវ១០៥ កែងនឹង៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនង្ស័យទី១)ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាអ្នករត់រ៉ឺម៉កម៉ូតូនៅហាងម្លប់មេឃ រស់នៅច្រាំងបាក់ ខណ្ឌច្បារអំពៅ (ជាអ្នកអង្គុយពីក្រោយធ្វើសកម្មភាពឆក់) និងទី២)ឈ្មោះ ហ៊ួន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំផ្សារតាប៉ាង (ជាអ្នកបើក)។  ដោយឡែកស្រ្តីជនរងគ្រោះ មិនបានស្គាល់អត្តសញ្ញាណទេ។

បើតាមសម្ដីប្អូនប្រុសដែលឌុបស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដឹកស្រ្តីបីនាក់ ទាំងជនរងគ្រោះចេញពីម្តុំខាងក្រោយវាំង ឆ្ពោះទៅផ្ទះនៅម្តុំវត្តសន្សំកុសល ពេលមកដល់ចំណុចកើតហេតុ ស្រ្តីរងគ្រោះដែលកំពុងជិះម៉ូតូស្ពាយការបូប ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ 1GW-6582 បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីរងគ្រោះបានសម្រេច  ធ្វើឲ្យម៉ូតូរងគ្រោះដួលរងរបួសតិចតួច ភ្លាមៗក៏លើកម៉ូតូដេញតាម ហើយស្រ្តីរងគ្រោះបានស្រែក ថាចោរៗឆក់ ប្រជាពលរដ្ឋដែលនៅក្បែរនោះបានជួយ ព្រមទាំងអ្នកសារព័ត៌មានជួយដេញចាប់រហូតដល់បុរីអង្គរភ្នំពេញ ទើបចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner