លួចរ៉ឺម៉កម៉ូតូបាន ជិះដើររកកន្លែងលក់ ម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូអ្នកភូមិបានសម្រេចហើយ បើកទៅរកកន្លែងលក់ មិនទាន់បានផងម្ចាស់តាមស្វែងរកឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ធី តារាវិឌូ ហៅ អាត្រង៉ោល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ផេង ម៉េងលី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅផ្ទះលេខ៤២ ផ្លូវ១២១ ភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ រីឯរ៉ឺម៉កម៉ូតូដែលជនសង្ស័យលួច ម៉ាក ស៊ីធីផ្លើស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1E-3378 ដកហូតបានមកវិញ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ កាលពីយប់ថ្ងៃទី២១ ខែមីនា ត្រឡប់មកពីដឹកម៉ូយវិញ ចតទុកមុខផ្ទះដូចសព្វដង ហើយចូលដេក ស្រាប់តែនៅម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២២ នេះក្រោកចេញមក បាត់រ៉ឺម៉កម៉ូតូមិនឃើញ ផ្អើលនាំគ្នាដើរតាមស្វែងរក ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងបើករកកន្លែងលក់ ក៏ឃាត់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ជនសង្ស័យត្រូវបានឃាត់ខ្លួន សាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តតាមនីតិវិធី៕ធ.ដ