អាជ្ញាធរខណ្ឌចំការមន នឹងផាកពិន័យតាមច្បាប់ បើពលរដ្ឋនៅតែបោះសំរាមចូលប្រឡាយបឹងត្របែក
ភ្នំពេញ៖ បើប្រជាពលរដ្ឋនៅតែបោះសំរាមចូលប្រឡាយបឹងត្របែកទៀត រដ្ឋបាលខណ្ឌចំការមន នឹងមានវិធានការផាកពិន័យទៅតាមច្បាប់កំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។ អាជ្ញាធរខណ្ឌចំការមនបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមការងារបានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជារៀងរាល់ថ្ងៃ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ នៅតែមិនបានចូលរួម និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវដដែល។
ទន្ទឹមនេះ អាជ្ញាធរបានជូនដំណឹងដល់ប្រជាពលរដ្ឋ និងបងប្អូនប្រកបអាជីវកម្ម តាមបណ្តោយផ្លូវលេខ១០៥ ឬប្រឡាយបឹងត្របែក និងជុំវិញតំបន់នេះ ក្នុងសង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់ទួលទំពូងទី១ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ថា កន្លងមកបងប្អូនតែងតែយកសំរាមមកបោះចោលនៅតាមមាត់ប្រឡាយ ដោយមិនបានទុកដាក់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីឱ្យក្រុមហ៊ុន ស៊ិនទ្រី មកប្រមូលនោះទេ ដែលធ្វើឱ្យផ្លូវនេះមានគំនរសំរាមជាច្រើនកន្លែង ឬបោះចោលចូលទៅក្នុងប្រឡាយថែមទៀតផង ដែលធ្វើឱ្យបាត់បង់នូវសោភ័ណភាព របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ។ អាជ្ញាធរខណ្ឌចំការមនរំពឹងថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕ធ.ដ