ផ្ទុះរំសេវផាវ បណ្តាលឲ្យមនុស្សប្រុសស្រី៥នាក់ បានរងរបួសធ្ងន់ និងស្រាល នៅស្រុកតាវែង
ខេត្តរតនគិរី៖ មនុស្សប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីផ្ទុះរំសេវផាវដាក់នៅក្នុងដបអឹម១៥០ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃព្រស្បតិ៍្ត ទី២១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
អធិការនគរបាលស្រុកតាវែង លោកអាំង ភឿក បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១៩នេះ ថា ជនរងគ្រោះដែលរងរបួសរួមមាន
ទី១)ឈ្មោះ ហេង សារឿន ភេទប្រុស អាយុជាង៤០ឆ្នាំ រងរបួសធ្ងន់ ត្រង់ជើងខាងស្តាំ មានទីលំនៅភូមិតាវែងលើ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (ជនបង្ក)។
ទី២)ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ រងរបួសធ្ងន់ ត្រង់មុខ។
ទី៣)ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់ ធ្លាយពោះវៀន។
ទី៤)ឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល។
ទី៥)ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ២៦ឆ្នាំ រងរបួសស្រាល។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ឈ្មោះ ហេង សារឿន (ជនបង្ក) បានទៅទិញផ្លែសំរងនៅកន្លែងកើតហេតុ មិនទាន់ទិញបានក៏ទៅទិញផាវមកដាក់ចូលក្នុងដបអឹម១៥០ ឃើញដូច្នេះក្មេងនៅក្បែរនោះក៏នាំគ្នាទៅមើល។ ខណ:នោះដែរឈ្មោះ សារឿន បានជក់បារីក៏ធ្លាក់បារីចូលទៅក្នុងដបបណ្តាលឲ្យឆេះហើយផ្ទុះតែម្តង។ លោកអធិការបានបញ្ជាក់ទៀតថា ជនបង្កបណ្តាលឲ្យក្មេងប្រុសស្រីបានរងរបួសធ្ងន់ស្រាល៤នាក់នោះ លោកនឹងធ្វើរបាយការណ៍ទៅថ្នាក់លើដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ និងស្រាល ទាំង៥នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ៕ ដោយ គតិ យុត្ត