ប្រាសាទបុរាណមួយកន្លែង ក្នុងស្រុកថាឡាបរិវ៉ាត់ ត្រូវជនទុច្ចរិតជីកកកាយរកវត្ថុមានតម្លៃ ធ្វើឲ្យបាក់បែកស្ទើរបាត់រូបរាង

អត្ថបទដោយ៖
Kien Sereyvuth

អត្ថបទ៖ ប្រាសាទបុរាណមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលអ្នកភូមិហៅតៗគ្នាថា ប្រាសាទភ្នំប្រាសាទ បានទទួលរងនូវការបាក់បែក ដោយសារជនអគតិមួយចំនួន ព្រោះតែចង់បានប្រយោជន៍ផ្ទាល់ខ្លួន  ហ៊ានជីកកកាយតួប្រាសាទជាច្រើនកន្លែង បណ្តាលឲ្យខូចខាតស្ទើរបាត់រូបរាងដើម ទម្រាំបានដឹងដល់ក្រសួង និងមន្ទីរជំនាញដែលពាក់ព័ន្ធគឺចង់ហួសពេលបាត់ទៅហើយ ។

ក្នុងឱកាសចុះទៅពិនិត្យ ប្រាសាទខាងលើ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ លោក ឡា ពុទ្ធី អនុប្រធាមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្ត បានសម្តែងការសោកស្តាយចំពោះជនទុច្ចរិតមួយចំនួន ដែលបានប្រព្រឹត្តិនូវទង្វើល្មើសច្បាប់ បំផ្លាញកេរ្តិ៍ដំណែលដូនតា ដែលជាទ្រសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃនេះ ។ លោក បន្ថែមថា៖ ថ្វីត្បិតការអភិរក្សប្រាសាទបុរាណនេះ ជាតួនាទីភារកិច្ចរបស់មន្ទីរវប្បធម៌មែន ប៉ុន្តែបើពឹងផ្អែកលើមន្ត្រីជំនាញតែមួយមុខ ក៏មិនអាចធានាដល់ការការពារឲ្យបានគ្រប់ជ្រុងជ្រោយបាននោះទេ ពោលគឺទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះផ្ទាល់ ត្រូវចេះ ចូលរួមសហការសាមគ្គីគ្នា យកចិត្តទុកដាក់ក្នុងការថែរក្សា ទើបអាចការពារមរតកទាំងនេះបានឋិតថេរយូរអង្វែង ។

លោកថា កាលពីអំឡុងឆ្នាំ២០១៨ ក្រសួងវប្បធម៌បានចាត់ឲ្យមន្ត្រីជំនាញខាងបុរាណវត្ថុ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត និងមានការចូលរួមពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានចុះមកសិក្សា និងវាស់វែងដើម្បីកំណត់ឲ្យបានច្បាស់លាស់រវាងបរិវេនតំបន់ហាមឃាត់របស់ប្រាសាទ និងដីលំនៅដ្ឋានស្រែចំការប្រជាពលរដ្ឋ ។ ក្នុងនោះក្រុមមន្ត្រីជំនាញបានកំណត់តំបន់ហាមឃាត់ជាពីរផ្នែក៖ទី១-ជាចំណុចកណ្តាលហៅថាតំបន់ស្នូលទុក៣០ម៉ែត្រមិនឲ្យអ្នកណាមកប៉ះបាល់ធ្វើអីទាំងអស់ គឺដើម្បីអភិរក្សប្រាសាទ ។ ទី២-តំបន់ការពារ ត្រូវបានទុក២៥០ម៉ែត្រជុំវិញបរិវេនប្រាសាទ ដោយមិនអនុញ្ញាត្តិអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ចូលមកកាប់ទន្ទ្រានព្រៃឈើ សាងសង់លំនៅឋាន ឬធ្វើស្រែចំការឡើយ ដើម្បីរក្សាលំនាំដើមរបស់ប្រាសាទ ។

លោក ផៃ សារី និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះបានអះអាងថាៈ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ រូបរាងប្រាសាទនៅរក្សាបានទ្រង់ទ្រាយដើមស្អាតល្អ  តែក្រោយមកប្រហែលក្នុងឆ្នាំ២០០០មានជនខិលខូចមួយចំនួនបានចូលមកលួចជីកកកាយ ដើម្បីរកវត្ថុបុរាណ ធ្វើអោយតួប្រាសាទរងនូវការបែកបាក់ ខូចខាតជាច្រើនកន្លែង ស្ទើរតែបាត់បង់តួប្រាសាទ ។ ពួកគាត់បានទទួលស្គាល់ថា នេះជាការធ្វេសប្រហែសរបស់ពួកគាត់ ដែលពេលកន្លងមក គឺពួកគាត់គិតតែរវល់ការងារគ្រួសារ មិនបានយល់ដឹងពីគុណតម្លៃនៃសម្បត្តិវប្បធម៌ជាតិ ដែលបុព្វបុរសដូនតាខិតខំកសាងទុកឲ្យកូនចៅជំនាន់ក្រោយ ។

ពួកគាត់បានប្តេជ្ញាថា នឹងខិតខំថែរក្សាការពារសម្បត្តិវប្បធម៌ជាតិនេះ ឲ្យបានគង់វង្សចាប់ពីពេលនេះតទៅ ដោយមិនអនុញ្ញាត្តិឲ្យក្រុមឈ្មួញទុច្ចរិត មកកាយគាស់បន្តទៀតបានទេ ។
សូមបញ្ជាក់ថាៈប្រាសាទភ្នំប្រាសាទនេះ ជាភស្តុតាងបង្ហាញពីប្រវត្តិសាស្ត្រនិងជាទីកន្លែងខ្មែរដើមរស់នៅមុនសម័យអង្គរ ក្នុងសតវត្សទី៦ ចន្លោះឆ្នាំ៨០២មកឆ្នាំ១៤៣១ នេះបើតាមការស្រាវជ្រាវរបស់គណៈកម្មការផ្នែកកំណាយនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៕ ម៉ាវិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner