ការតាំងពិព័រណ៍អាចជួយជំរុញវិស័យពាណិជ្ជកម្មរវាងខេត្ត និងខេត្ត ប្រទេស និងប្រទេស ឲ្យមានភាពរស់រវើក និងភាពស្និទ្ធស្នាល
កំពង់ស្ពឺ៖ ការតាំងពិព័រណ៍អាចជួយជំរុញវិស័យពាណិជ្ជកម្មរវាងខេត្ត និងខេត្ត ប្រទេស និងប្រទេស ឲ្យមានភាពរស់រវើក និងភាពស្និទ្ធស្នាល។ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បែបនេះ នៅមុខក្រុមអាជីវករមកពីតាមបណ្ដារាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រុមអាជីវករមកពីប្រទេសថៃ និងប្រទេសវៀតណាម មុនដំណើការសម្ពោធដាក់តាំងពិព័រណ៍ពាណិជ្ជកម្មនៅសួនច្បារសាលាខេត្ត ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន នាព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។
ឯកឧត្តមបានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មបែបនេះ គឺអាចធ្វើឲ្យសកម្មភាពពាណិជ្ជកម្ម ទៅលើ វិស័យកសិកម្មកសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ បង្កើតឲ្យមានឱកាសនៅនឹងកន្លែង តាមរយៈនៃអ្នកទេសចរ អ្នកប្រើប្រាស់ជំរុញឲ្យបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម និងប្រាស្រ័យផ្លាស់ប្ដូរគំនិតគ្នា សំដៅបង្ហាញលើផលិតផលរបស់ខេត្ត និងប្រទេសរបស់ខ្លួន ជាមួយគ្នានោះផងដែរ មន្ទីរពាណិជ្ជកម្ម បង្កើតឱកាស ដើម្បីបំលាស់ប្ដូរព័ត៌មាន រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់។
លោក ញិល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានគូសបញ្ជាក់ឲ្យដឹងថា តាំងពិព័រណ៍ពាណិជ្ជកម្មខេត្តកំពង់ស្ពឺលើកទី៧ ឆ្នាំ ២០១៩ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដោយមានអាជីវករចូលរួមសរុបប្រមាណ៩៧ស្តង់ក្នុងនោះ មន្ទីរ អង្គភាព និងក្រុមហ៊ុន សហគ្រាសក្នុងខេត្តចំនួន២០ស្តង់ និងមន្ទីរពាណិជ្ជកម្មរាជធានីខេត្តមាន៖ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តកណ្ដាលរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ មានចំនួន១៦ស្តង់ ក្រុមអាជីវករមកពីខេត្តវិញឡុងនៃប្រទេសវៀតណាមចំនួន៥ស្តង់ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១OVOP ចំនួន១៥ស្តង់ ព្រមទាំងក្រុមជីវករនៃព្រះរាជាណាចក្រថៃចំនួន៤១ស្តង់។
ស្តង់ទាំងអស់នោះ ត្រូវបានដាក់តាំងបង្ហាញនូវផលិតផលជាច្រើនប្រភេទ ដែលប្រកបទៅដោយគុណភាព និងសុវត្ថិភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តម្រូវការអ្នកប្រើប្រាស់ ទាំងក្នុង និងក្រៅខេត្ត។ សម្ភារប្រើប្រាស់រួមមាន៖ សម្ភារបម្រើឲ្យវិស័យកសិកម្ម ស្រូវ អង្ករ ស្វាយកែវរមៀត ស្ករត្នោត ស្ករអំពៅ ចំណីសត្វ គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងហូបចុក ភេសជ្ជៈ ទឹកបរិសុទ្ធ និងទំនិញផ្សេងៗជាច្រើនមុខទៀតផងដែរ៕ធ.ដ