សម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ និងសមិទ្ធផលនានានៅអនុវិទ្យាល័យគោកត្រប់
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបណ្ណាល័យ អនុវិទ្យាល័យគោកត្រប់ និងពិធីប្រគល់ពានរង្វាន់បាល់ទះ ជូនដល់សិស្សជ័យលាភី នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅអនុវិទ្យាល័យគោកត្រប់ ឃុំគោត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បណ្ណាល័យនេះ រួមនឹងបន្ទប់អនាម័យ ជាអំណោយរបស់ឯកឧត្តម ហ៊ីង ប៊ុនហៀង និងលោកជំទាវ រួមនឹងកោរុគសិស្សនិស្សិតថ្នាក់វិក្រិត្តការជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីទុកជាចំណងដៃដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅទីនេះ ដែលថវិកាជាង២ម៉ឺន៦ពាន់ដុល្លារ។
លោក អូច សាវឿន អភិបាលរងស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ដោយមានការរៀបចំឯកឧត្តម ហ៊ីង ប៊ុនហៀង បានបង្កើតឲ្យមានការប្រកួតកីឡាដណ្ដើមពានរង្វាន់បាល់ទះ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ៧ មករា ១៩៧៩-២០១៩ ប្រចាំស្រុកកណ្តាលស្ទឹង។ កីឡាករដែលបានចូលរួមប្រកួតមានចំនួន ២១ក្រុម មកពី១៨ឃុំទូទាំងស្រុក និងវិទ្យាល័យចំនួន៣។ បានបែងចែកជា ៤ពូល ក្នុង១ពូល មានចំនួន ៥ក្រុម។ ប្រកួតមានរយៈពេល ៤សប្តាហ៍ ជាលទ្ធផលប្រកួត ជ័យលាភីលេខ១ បានលើក្រុម យុវជនអន្លង់រមៀតមានជ័យ លេខ២ ក្រុមយុវជនកូននាគដើមឬស លេខ៣ ក្រុមយុវជននាគទេពបឹងខ្យាង និងជ័យលាភីលេខ៤ បានលើក្រុមយុវជនអំពៅព្រៃដំរីស។
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះយុវជនស្រុក កណ្តាលស្ទឹង ដែលបានចូលរួមប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់អបអរសាទរខួប៤០ឆ្នាំ ទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០១៩។ ឯកឧត្តម បានលើកឡើងថា កីឡាជាទូតគោចរនៃសន្តិភាព។ ឯកឧត្តមបានបញ្ជាក់ថា អ្វីៗមានមកដល់សព្វថ្ងៃនេះ គឺដោយសារថ្ងៃជ័យជម្នះ៧មករា ១៩៧៩ គណបក្សប្រជាជនកម្ពុជា និងដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រាប់ទាំងវិស័យអប់រំសិក្សាធិការ។ ឯកឧត្តម បានលើកទឹកចិត្តដល់យុវជន និងកោរុគសិស្ស និស្សិត សាលាភូមិន្ទរដ្ឋបាល បន្តចូលរួមចំណែកថែរក្សាសមិទ្ធផល សុខសន្តិភាព កសាងអភិវឌ្ឍន៍ជាតិ ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន។
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភដល់អនុវិទ្យាល័យគោកត្រប់ នូវម៉ាស៊ីនកំព្យូទ័រ៣គ្រឿង ព្រីនធឺរ៣គ្រឿង និងថវិកា១លានរៀល ក្រុមកីឡាករចំណាត់ថ្នាក់លេខ១ មានពាន១ បាល់ចំនួន៥ និងថវិកា២លានរៀល លេខ២ ថវិកា១លាន៥សែនរៀល លេខ៣ ថវិកា១លានរៀល និងចំណាត់ថ្នាក់លេខ៤ ថវិកា៥០ម៉ឺនរៀល។ ដោយឡែកក្រុមមិនជាប់ចំណាត់ថ្នាក់ ក្នុង១ក្រុមៗថវិកា២០ម៉ឺនរៀល ព្រមទាំងចែកជូនដល់គណៈកម្មការ កីឡាករលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងយុវជន ជាច្រើនទៀត៕ម.ន