សង្ក្រាន្តព្រៃវែង នឹងមានភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ១០ម៉ឺននាក់ចូលរួម

អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង បានអះអាងថា សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៩នេះ នឹងមានប្រជាពលរដ្ឋជាភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមប្រមាណ១០ម៉ឺននាក់  ដែលសង្ក្រាន្តព្រៃវែងនេះ នឹងប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃ នៅក្រុងព្រៃវែង។

ស្តីពីសង្ក្រាន្តព្រៃវែង នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅក្រុងព្រៃវែង ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា “សង្ក្រាន្តព្រៃវែងឆ្នាំ២០១៩នេះ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលមានភ្ញៀវជាតិ-អន្តរជាតិ ១០ម៉ឺននឹងចូលរួម”។ គោលបំណងនៃការៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់ភាពសប្បាយរីករាយ ជាលក្ខណៈប្រពៃណីខ្មែរ តាមរយៈការរៀបចំពិធីសាសនា ការតាំងបង្ហាញផលិតផលខ្មែរ ទស្សនីយ៍ភាពសិល្បៈ ល្បែងប្រជាប្រិយ៍តាមប្រពៃណី និងទំនៀមទម្លាប់ពីដូនតា ជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់កាន់តែច្បាស់ ពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណ្យ។

ឯកឧត្តម ស សុខា លើកឡើងទៀតថា ខេត្តព្រៃវែង គឺជាខេត្តដែលកំសត់ជាងគេ ព្រោះមិនសូវមានសក្តានុពលផ្នែកទេសចរណ៍ដូចខេត្តផ្សេងៗឡើយ ពោលគឺពឹងផ្អែកលើវិស័យកសិកម្មតែ១គត់។ ដូច្នេះរាល់បុណ្យទានម្តងៗ ក្រៅពីទៅវត្ត ប្រជាពលរដ្ឋហាក់បីដូចជាមិនបានទៅកម្សាន្តនៅកន្លែងណាផ្សេងនោះទេ។ ឯកឧត្តមបន្តថា ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនេះ នឹងរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ដែលជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ និងថែមទាំងផ្តល់នូវជំនឿចិត្តដល់ប្រជាពលរដ្ឋឲ្យមានទំនុកចិត្តកាន់តែខ្ពស់ លើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី។
សង្ក្រាន្តព្រៃវែងឆ្នាំ២០១៩នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្លែងថា “សង្ក្រាន្តព្រៃវែង មានស្តង់ពិព័រណ៍ជាតិ និងអន្តរជាតិចំនួន៣០០ស្តង់ ក្នុងនោះមានស្តង់លក់ចំណីអាហារ មានកន្លែងប្រារព្ធពីធីសាសនា និងកម្មវិធីកម្សាន្តជាច្រើនដូចជា ការសម្តែងរបាំប្រពៃណី របាំទ្រុឌ របាំជូនពរ របាំឆៃយាំ នារីជាជួរគោះត្រឡោក ក្ងោកប៉ៃលិន ស្បៃតូច ស្បៃធំ ការបង្កើតផ្ទះបុរាណខ្មែរ ការសម្តែងល្បុកត្តោ និងល្បែងកម្សាន្តជាច្រើនទៀត។

ទាក់ទិនទៅនឹងកម្លាំងសន្តិសុខសម្រាប់សង្ក្រាន្តព្រៃវែងនេះ គឺមានយុវជនតាមវិទ្យាល័យនានាចំនួន៦០០នាក់ និងកងកម្លាំងជាង២០០នាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ប្រជាពលរដ្ឋនិងត្រៀមកម្លាំង ដើម្បីសម្រួលចរាចរណ៍ ចំណតរថយន្ត សង្រ្គោះបឋម ឡានទឹក បញ្ជាការស្រាល និងកម្លាំងសម្រាប់សម្អាតបរិស្ថាន៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner