បម្រុងចូលលួច ត្រូវម្ចាស់ឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពហែកស័ង្កសីបម្រុងលួចទ្រព្យសម្បត្តិក្នុងការដ្ឋានសំណង់ ត្រូវមេការសំណង់ឃើញទាន់ស្រែកឆោឡោ ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១៧ និង៣០នាទី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់កំពុងសាងសង់ ផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២៦៤ ផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) និងដកហូតបានម៉ូតូ១គ្រឿងផងដែរ។ ចំណែកជនរងគ្រោះម្នាក់ ឈ្មោះ សាយនី យូស៊ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅផ្ទះលេខបេ៦ ផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងការដ្ឋានសំណង់ ចំណុចកើតហេតុខាងលើ បានឮសំឡេងក្រាកៗ ភ្លាមនោះជនរងគ្រោះ បានចេញមកមើលឃើញជនសង្ស័យ កំពុងហែកស័ង្កសី រួចជនរងគ្រោះស្រែកថាចោរៗ និងនាំគ្នាដេញចាប់បានជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ ជនសង្ស័យតែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ