នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និងប្រធានគម្រោងព្រៃឡង់បៃតង ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលទី២១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និងលោកម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី ចូលជួបពិភាក្សាលើគម្រោងស្តីពី “ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី ខ្សែច្រវាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដែនជម្រកសត្វ ព្រៃព្រៃឡង់” និងធ្វើការណែនាំសមាស ភាពក្រុមការងារស្រាវជ្រាវគម្រោងផងដែរ។

តាមអ្វីដែលលោកស្រីបណ្ឌិត និងលោក ម៉ាធ្យូ អែដវុធសិន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបនោះគឺថា លោកនឹងដឹកនាំក្រុមការងារស្រាវជ្រាវគម្រោងព្រៃឡង់បៃតង ចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពជារួមនៃតំបន់នោះ ដើម្បីធើ្វការកំណត់វិសាលភាពលើការសិក្សាស្វែងយល់បឋមជំហានដំបូង បន្ទាប់មកក្នុងអំឡុងខែមេសា ឬឧសភាខាងមុខនេះ ក្រុមការងារនឹងចុះមកសិក្សា និងវាយ តម្លៃលើទិន្នន័យបឋមនោះឲ្យបានស៊ីជម្រៅច្បាស់លាស់ និងទូលំទូលាយជាចុងក្រោយ។ គោល បំណងសំខាន់ៗរបស់គម្រោងមាន៣៖ ទី១)ស្វែងយល់ពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអាកូឡូស៊ីនៅតំបន់នោះ ទី២)ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងទី៣)សមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធក្នុងការបន្សុំា នឹងការប្រែប្រួលអាកាសធាតុ ដើម្បីកំណត់អាទិភាពនៃការអនុវត្តគម្រោងនេះ ដែលមានរយ:ពេល៥ឆ្នាំ (២០១៨-២០២២)។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកតាមរយ: អង្គការUSAID ដែលបានជួយគាំទ្រផ្តល់ថវិកាសម្រាប់យកមកអនុវត្តគម្រោងខាងលើ និងថ្លែងអំណរគុណផងដែរជូនចំពោះក្រុមការងារដែលបានផ្តួចផ្តើមជាគំនិតលើកសំណើរ និងរៀបចំគម្រោងដ៏មានសារ:ប្រយោជន៍សម្រាប់អភិវឌ្ឍន៍ និងអភិរក្ស័តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ ដូចជាព្រៃឈើ សត្វព្រៃ ប្រព័ន្ធជីវចម្រុះ ជលសាស្រ្ត និងអេកូឡូស៊ី ដែលបាននិងកំពុងផ្តល់ប្រយោជន៍យ៉ាងមហាសាលទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិចដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ។

ឯកឧត្តមបន្តថា គម្រោងនេះ ពិតជានឹងជួយកែលម្អ និងថែរក្សាសុខភាពប្រព័ន្ធអេកូឡូស៊ីព្រៃ និងទឹកជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់តាមរយ:ការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាពក្នុងដែនវិសាលភាពព្រៃឡង់។ ឯកឧត្តបានជម្រាបជូនភ្ញៀវបន្ថែមថា ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការការពារ ថែរក្សាធនធានធម្មជាតិ គឺជាអាទិភាពដ៏ចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានជាសេនាធិការ។

ដូច្នេះគម្រោងនេះពិតជាសមស្របតាមឆន្ទ:របស់ក្រសួងក្នុងគោលបំណងរួមចំណែកថែរក្សាធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) ឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយ ម៉្យាងវិញទៀតគម្រោងនឹងអាចជួយលើកតម្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ ដែលកំពុងរស់នៅពឹងអាស្រ័យលើធនធានធម្មជាតិ តាមរយ:ធ្វើការចងក្រងជាសហគមន៍ បង្កើតមុខរបបកសិកម្ម រៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល និងបណ្តុះបណ្តាលបច្ចេកទេស សមស្របតាមលក្ខខ័ណ្ឌភូមិសាស្រ្ត វប្បធម៌ ប្រពៃណី និងជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច។  ក្រៅពីនេះ គម្រោងនឹងជួយបញ្ជ្រាបនូវចំណេះដឹងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសក្នុងបរិបទនៃការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ និងកំណើននៃសេចក្តីត្រូវការស្បៀងទាំងបរិមាណ និងគុណភាព។

សូមបញ្ជក់ថា ព្រៃឡង់បានគ្របដណ្តប់លើខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ២១លានដុល្លារ សម្រាប់រយ:ពេល៥ឆ្នាំ ដែលអនុវត្តដោយ Tetra Tech អង្គការសមាគមន៍អភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ រួមជាមួយការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner