សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ត​ម្លៃ២​ពាន់​លាន​ដុល្លារ​នៅ​ព្រឹក​នេះ

ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ដែលប្រវែង​១៩០,០១​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ក្រោមរូបភាព​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ “Build-Operate-Transfer (BOT)” បានបើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុ​ជា នៅព្រឹក​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯ,ឧ ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនផងដែរ ។
ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅ​ឆ្នាំ​២០០៦ ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) លើ​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ។
តាមរយៈ​ការសិក្សា​ចុងក្រោយ​បានបង្ហាញ​ឱ្យឃើញថា គម្រោង​សាងសង់​នេះ មានតម្លៃ​ខ្ពស់​រហូតដល់​ប្រមាណ​២.០០០​លាន​ដុល្លា​រ ដែល​ធំ​ជាងពិ​ដាន​នៃ​ការខ្ចី​ប្រចាំឆ្នាំ​ដែល​អនុញ្ញាត​ដោ យ​ច្បាប់ និងកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ២០១៥−២០១៨ ។ អាស្រ័យ​ដោយ​មូលហេតុ​ខាងលើ គម្រោង​នេះ ត្រូវបាន​ផ្លាស់ប្តូរ​មកជា​ការវិនិយោគ​សាធារណៈ​តាម​រូបភាព​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ​“ Build- Operate-Transfer (BOT)” វិញ ។​​ ​
ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ការវិនិយោគ​ដែល​អនុវត្តតាម​រូបភាព​សាងសង់​ធ្វើ​អាជីវកម្ម​និង​ផ្ទេរ(BOT)​គឺ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​វិនិយោគ មាន​សិទ្ធ​ប្រមូល​កម្រៃ​សេវា​ពី​អ្នកប្រើប្រាស់​ផ្លូវ​ក្នុង​អត្រា​កំណត់​មួយ​ដូច​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​សម្បទាន​ទៅតាម​ទំហំ និង​ប្រភេទ​នៃ​យានយន្ត​នីមួយៗ​។ យោងតាម​សំណើ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ដែល​បាន​ស្នើសុំ​ក្រុមហ៊ុន ឱ្យ​បញ្ចុះ​កម្រៃ​សេវាឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​នេះ ក្រុមហ៊ុន​ក៏បាន​ឯកភាព​មិន​យកថ្លៃ​យានយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ ក្នុង​រយៈពេល១ខែ​ដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់​រយៈពេល​១​ឆ្នាំ ។ លើសពី នេះ​ ក្រុមហ៊ុន​បាន​យល់ព្រម​កែសម្រួល​កម្រៃ​សេវា​ឆ្លងកាត់​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង នៃ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​របស់ខ្លួន​ផងដែរ​។​

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ, ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ, ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ គម្រោងនេះ ត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣ ។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង ២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង ១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះ អាចដល់ ១២០គ.ម ក្នុងមួយម៉ោង។
* ឃឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។
* ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។
* សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប៦.០១៥ម៉ែត្រ។
* សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។
* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩កន្លែង។
* បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។
ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលទើបតែលេចចេញជារូបរាងនៅក្នុងសម័យតេជោ សែន ហើយនឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរដ៏មានសក្តានុពលរបស់កម្ពុជា
តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្ម សំដៅសម្រួលដល់ការដឹកជញ្ជូនផលិត ផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេស ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅ ប្រកប ដោយភាពងាយស្រួល ចំណាយតិច និងឆាប់រហ័ស សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner