ក្រសួងបរិស្ថាន និងអង្គការ ADF ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន» ជាមួយអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន (ADF) នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពគម្រោងដើម្បី ការពារធនធានធម្មជាតិ និងលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន ដោយបង្កើនសកម្មភាពបន្ថែម ក្នុងគោលដៅកាត់បន្ថយសំពាធនៃការប្រើប្រាស់ធនធានធម្មជាតិ ការកាប់ព្រៃឈើ ការរុករានទន្រ្ទានដី និង សកម្មភាពខុសច្បាប់ផ្សេងៗទៀតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។
ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះ និងបានសង្កត់ធ្ងន់ថា ការចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលជាប្រភពយ៉ាងសំខាន់សម្រាប់ចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ លើកស្ទួយវិស័យទេសចរណ៍ដែលជាកម្លាំងចលករដ៏សំខាន់មួយក្នុងកំណើនសេដ្ឋកិច្ចជាតិ និងការពារបរិស្ថានធម្មជាតិដែលជាកត្តាចំបាច់មួយចូលរួមចំណឺកក្នុងការអភិវឌ្ឍន៍ដោយចីរភាព។ឯកឧត្តម បានលើកទឹកចិត្តឱ្យក្រុមការងារអនុវត្តគម្រោងទាំងអស់របស់ក្រសួងបរិស្ថាន ក៏ដូចជាមន្រ្តីជំនាញពីក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ បន្តជួយផ្តល់ការប្រឹក្សា និងផ្តល់កិច្ចសហប្រតិបត្តិការឱ្យបានពេញលេញ ជាមួយអង្គការ ADF។
សូមបញ្ជាក់ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧៥០០ហិកតា ស្ថិតនៅក្នុងខេត្តសៀមរាប សំបូរទៅដោយធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងជាប្រភពទឹកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ប្រាសាទក្នុងតំបន់អង្គរ និងជាប្រភពទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋនៅក្រុងសៀមរាប។ លោក Jean-Baptiste Chevance នាយកកម្មវិធីអង្គការADF បានឱដឹងថា កន្លងមក អង្គការមូនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ដែលហៅកាត់ថា ADF គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលធ្វើសកម្មភាពមនុសធម៌ បានរៀបចំបុរាណដ្ឋានចំនួន៥តំបន់ នៅឧទ្យានជាតិភ្នំគូលែន ក្នុងផ្ទៃដី ៨០០ ហិតា ព្រមទាំងចូលរួមសម្របសម្រួល សកម្មភាពការពារ និងអភិក្សធនធានធម្មជាតិ ទប់ស្កាត់បទល្មើស បានផ្តល់ការបណ្តុះបណ្តាលឧទ្យានុរក្សនូវវិធីសាស្រ្តល្បាតក្នុងឧទ្យានជាតិភ្នំគូលែន។ ជាមួយគ្នានេះផងដែរ អង្គការបានចូលរួមការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិកនៅក្នុងតំបន់ឧទ្យានជាតិ ដោយបានរៀបចំជាផ្លាកសញ្ញានិងការអប់រំតាមសហគមន៍ផងដែរ។