សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនមន្ដ្រីនគរបាលម្នាក់ ដែលពាក់ព័ន្ធគ្រឿងញៀននៅក្លឹបកម្សាន្ដ Rock ខណៈតុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនរួចរាល់ហើយ
កាថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់អាជ្ញាធរជជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ។ សម្តេចក៏បានអះអាងទៀតថា មន្ដ្រីនគរបាលម្នាក់នោះច្បាស់ជារត់មិនរួចនោះទេ ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ហើយ ដើម្បីកុំឲ្យពិបាកត្រូវចូលខ្លួនមកភ្លាម។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង២ឆ្នាំនេះ កម្លាំងសមត្ថកិច្ចបានចាប់រឹបអូសនូវគ្រឿងញៀន បានប្រមាណជាង៥០០គីឡូក្រាម ប៉ុន្ដែចុងក្រោយនេះ បានបើកប្រតិបត្តិការដើម្បីបំផ្លាញទីតាំងចែកចាយ លក់ដូរ និងប្រើប្រាស់នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកម្សាន្ដ Rock ដែលបានរឹបអូសគ្រឿងញៀនបន្ថែមទៀត បានប្រមាណជិត៥០គីឡូក្រាម។
សម្ដេចបញ្ជាក់ទៀតថាគ្រឿងញៀនគឺជាបញ្ហាដ៏ស្មុកស្មាញមួយដែលពិភពលោកកំពុងទទួលរងការគំរាមកំហែង ស្ថានភាពកំណើននៃការផលិត ការចរាចរ និងការប្រើបំពានគ្រឿងញៀនគ្រប់ប្រភេទបានវិវត្តន៍ស្របទៅតាមចរន្ត នៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងសេដ្ឋកិច្ចសង្គម និន្នាការបែបនេះ គឺជាការប្រឈមដ៏លំបាកទាំងការអនុវត្តច្បាប់និងការដាក់ចេញនូវវិធានការដោះស្រាយចំពោះបណ្តាប្រទេស ដែលកំពុងរងគ្រោះរួមទាំងកម្ពុជាយើង៕