រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយដល់គម្រោងអភិវឌ្ឍន៍មូលដ្ឋាន សម្រាប់បង្ការ គ្រោះមហន្តរាយ ដើម្បីកែលម្អបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណង ៣០០ លានយ៉េន ប្រមាណ ២លាន ៧សែនដុល្លារអាមេរិក ដល់គម្រោងអភិវឌ្ឍន៍មូលដ្ឋានសម្រាប់បង្ការគ្រោះមហន្តរាយ ដើម្បីកែលម្អបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។ ដែលការផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខា ប្រគល់ និងទទួល ដោយឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ហូរីណូ ហ៊ីដេហ៊ីសា ជាមួយនិងតំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា លោកស្រី ហ្វ្រែន សេសកា អ៊ីឌីម៉ាន់ នាព្រឹកថ្ងៃទី២១ មីនានេះ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណា ទទួលបន្ទុកបេសកកម្មពិសេស អនុ ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសាក្សី។
ឯកអគ្គរដ្ឋទូតជប៉ុន មានប្រសាសន៍ថា ដូចដែលយើទាំងអស់គ្នាបានដឹងហើយថា ការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងព័ត៍មានអំពីការប្រែ ប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនៅទូទាំងពិភពលោក ពិតជាត្រូវការចាំបាច់ខ្លាំងណាស់ ហើយការគាំទ្រដំណើរការជម្លៀស និងកសាងឡើងវិញសម្រាប់ប្រជាជន និងសហគមន៍ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ គឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់យើង ហើយថា ជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ កម្មវិធីស្បៀងអាហារពិភពលោកនឹងអាចកាត់បន្ថយផលប៉ះពាល់ នៃភាពភ័យខ្លាចសម្រាប់សហគមន៍មូលដ្ឋានក្នុងតំបន់ដែលងាយរងគ្រោះ ដោយទឹកជំនន់ក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើនយន្តការកាត់បន្ថយហានិភ័យ និងការកែលម្អដើម្បីអាចទទួលបានទីទួលសុវត្ថិភាព និងព័ត៍មាន សង្គ្រោះជីវិតជាដើម។
តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាឆ្នាំទី៤០ ដែលប្រជាជនកម្ពុជាបានទទួលការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក ដោយចាប់តាំងពីឆ្នាំ១៩៧៩មក កម្មវិធីស្បៀងអាហារពិភពលោកបានធ្វើការដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់គ្រួសារ និង សហគមន៍ដែលងាយរងគ្រោះបំផុត តាមរយៈការជួយដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ពួកគេ និង ការពារពួកគេពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិនានា។ លោកស្រីថា រដ្ឋាភិបាលជប៉ុន គឺជាដៃគូគាំទ្រដ៏ល្អ និងជាអ្នកគាំទ្រសកម្មភាពការងាររបស់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ឆ្នាំខាងមុខនេះ ហើយថាលោកស្រីពិតជាមានមោទនភាពណាស់ដែលថ្ងៃនេះ យើងនៅទីនេះជាមួយគ្នា ដើម្បីបញ្ជាក់ពីការប្តេជ្ញារួមគ្នា ដើម្បីលើកស្ទួយសុខុមាលភាពប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានសំដែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុនដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា និង បានហៅទំនាក់ទំនងកម្ពុជា ជប៉ុនថា ជាទំនាក់ទំនងដែកថែប។ ជាមួយគ្នានេះឯកឧត្តម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារគ្រោះមហន្តរាយផងដែរ៕