ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តព្រះក្រាល ត្រូវបានធ្វើពិធីសម្ពោធ និងកាត់ឬសីមា ដាក់ឲ្យប្រើប្រាស់តាមពុទ្ធានុញ្ញាត
ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងទីវត្តព្រះក្រាល ស្ថិតនៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានធ្វើពិធីសម្ពោធ និងកាត់ឬសីមា ដាក់ឲ្យប្រើប្រាស់តាមពុទ្ធានុញ្ញាត កាលពីថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោកអភិបាលស្តីទីស្រុកស្វាយលើ បានឲ្យដឹងថា បច្ចុប្បន្ននេះវត្តព្រះក្រាល មានព្រះសង្ឃ១២អង្គ ជាភិក្ខុ ហើយព្រះវិហារនេះ បានដំណើការសាងសង់នៅដើមឆ្នាំ២០១៧ ដោយព្រះចៅអធិការវត្ត ព្រះនាម ប្រាក់ សៃ ដឹកនាំកសាង រួមទាំងសមទ្ធិផលនានាក្នុងវត្ត អស់ទឹកប្រាក់សរុប ២៥២ពាន់៥០០ដុល្លា ដោយកម្លាំងសាមគ្គីរបស់សប្បុរសជន និង ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។
ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ដើមី្បរក្សាឲ្យបាននូវសោភណ្ឌភាពធម្មជាតិនៅលើ ខ្នងភ្នំគូលែន ដែលជាទីកន្លែងទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទខ្មែរយើង ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត សូមបងប្អូនពុកម៉ែដែលអាស្រ័យផលដោយធនធានធម្មជាតិ នៅខ្នងភ្នំគូលែននេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយមន្ត្រីបរិស្ថាន និងអាជ្ញាធរ សមត្ថកិច្ច ក្នុងការថែរក្សានូវធនធានធម្មជាតិតំបន់ភ្នំគូលែន ឲ្យមានដូចពីសម័យបុរាណកាល គឺធ្វើការដាំដុះឡើងវិញ កូនឈើទាំងឡាយ ព្រមទាំងធ្វើការអភិរក្សធនធានធម្មជាតិឲ្យបាននូវគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាប្រភពចំណូលមិនចេះរីងស្ងួតរបស់បងប្អូនពីវិស័យទេសចរណ៍ទៀតផង ។
ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តនេះដែរ ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះកើតឡើងដោយគុណបុណ្យថ្ងៃជ័យជំនះ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចទាំងបី បន្ទាប់ពីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយថ្ងៃ៧មករានេះ ក៏ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ជាថ្ងៃដែលយើងមានជីវិតរស់ឡើងវិញ ធ្វើឲ្យប្រទេសកម្ពុជាទាំងមូលបានរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ក្រោមគោលនយោបាយឈ្នះៗ របស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ម៉្យាងទៀតនៅក្នុងភូមិសាស្ត្រខ្នងភ្នំគូលែននេះ ក្នុងទស្សវត្សឆ្នាំ៨០ និង ៩០ ជាសមរភូមិក្តៅបំផុត តែបច្ចុប្បន្នបានធ្វើឲ្យប្រែក្លាយពីតំបន់ប្រយុទ្ធ ឲ្យមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រទៀតផង ។ ឯកឧត្តមក៏បានលើកផងដែរថា សមិទ្ធផលទាំងអស់ដែលបានកំពុងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងឱកាសនេះ គឺជាសមទ្ធិផលថ្មី នៃចំណងដៃទទួលសាទរឆ្នាំថ្មី ឆ្នាំកុរ ដែលកើតពីការរួមសាមគ្គី ទាំងព្រះសង្ឃ សប្បុរសជន និង ពុទ្ធបរិស័ទជិតឆ្ងាយដែលរួមសហការគ្នាកសាងឡើង ក្នុងការបម្រើវិស័យសាសនា ទៅតាមពុទ្ធានិញ្ញាតក្នុងទីវត្តព្រះក្រាលនេះ ។
ឯកឧត្តមអភិបាលខេត្តក៏បានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តព្រះក្រាល ចំនួន ២លានរៀល ដើម្បីបន្តកសាងសមិទ្ធផលក្នុងវត្ត និងបានផ្តល់ជូនសិស្សានុសិស្សនូវសម្ភារៈសិក្សា សីលវន្ត័ សីលវតី ម្នាក់ៗ ទទួលបានក្រណាត់ស ០១ដុំ ប្រាក់២ម៉ឺនរៀល ផងដែរ ៕