សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដំបូងគេ របស់កម្ពុជាជាផ្លូវការ នៅព្រឹកស្អែក
ភ្នំពេញ៖ តាមការគ្រោងទុកពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ជាផ្លូវការ នឹងធ្វើឡើងនៅ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីបើកការដ្ឋាន សាងសង់ផ្លូវល្បឿងនលឿនដំបូងគេនេះ ធ្វើឡើងនៅឃុំ វល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹង ថា ផ្លូវ ល្បឿន លឿន ភ្នំពេញ – ក្រុងព្រះសីហនុ នឹងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ។ ក្រោយ ការសាងសង់ រួចរាល់ ពលរដ្ឋអាចប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដោយចំណេញទាំងពេលវេលា ថវិកា និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នេះជាសម្បត្តិដ៏មហាសាល និងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាននៅកម្ពុជា។
តាមការបញ្ជាក់ ពីឯកឧត្តម ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានឱ្យដឹងថា ការសាងសង់ផ្លូវល្បឿន លឿន ភ្នំពេញ – ខេត្ត ព្រះសីហនុ ធ្វើឡើងតាម រូបភាព សាងសង់ – អាជីវកម្ម – ផ្ទេរ ( BOT ) ហើយ ផ្លូវ នេះ សាងសង់ ដោយក្រុម ហ៊ុន ចិន មួយឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO . , LTD . ។
ឯកឧត្តម បន្តថា ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ សាងសង់ជា៤គន្លង ដោយ២គន្លង ទៅ ២គន្លងមក ខណ្ឌដោយសួនច្បារ កណ្ដាល ទ្រូងផ្លូវ មានប្រវែង សរុបជិត២០០គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយ មានការសង់របងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាព ជូន អ្នកធ្វើដំណើរផងដែរ។ មានការរំពឹងទុកថា ផ្លូវល្បឿន លឿន ភ្នំពេញ – ព្រះសីហនុ នេះ នឹង ដើរតួនាទីយ៉ាង សំខាន់ក្នុងការដឹកជញ្ជូន ទំនិញ តំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់២ គឺ រាជធានី ភ្នំពេញ និងខេត្តព្រះសីហនុ ជាពិសេស ការដឹកទំនិញ ពី បណ្តា រោងចក្រ នានា ទៅកាន់ កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ សម្រាប់ ការនាំចេញ ទៅក្រៅ ប្រទេស ក៏ដូចជា ការ ដឹកទំនិញ ពី កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ទៅកាន់តំបន់ដទៃទៀត៕ម.ន