NASA ប្រឈមនឹងវិបត្តិហិរញ្ញវត្ថុក្នុងបេសកកម្មស្រាវជ្រាវព្រះចន្ទ Europa នៃភពព្រហស្បតិ៍្ត
សហរដ្ឋអាម៉េរិក៖ ដោយសារតែបញ្ហាកង្វះថវិកា ទីភ្នាក់ងារអវកាស NASA បានសម្រេចដកឧបករណ៍មួយចេញវិញ ដែលកន្លងមកត្រូវបានជ្រើសរើសសម្រាប់បំពាក់លើយានដែលត្រូវទៅសិក្សាអំពីព្រះចន្ទ យូរ៉ូប៉ា របស់ភពព្រហស្បតិ៍្ត ប៉ុន្តែ NASA បានបញ្ជាក់ថា នឹងស្វែងរកមធ្យោបាយជំនួសឧបករណ៍នេះវិញ ជាមួយប្រភេទរចនាដែលមិនសូវស្មុគស្មាញ និងមិនចំណាយច្រើន។
អង្គការ NASA បានឱ្យដឹងថា ដោយសារតែទំហំនៃការចំណាយលើ ICEMAG ដែលស្ថិតក្នុងដំណាក់កាលរចនាដំបូងប៉ុណ្ណោះ បានកើនឡើងខ្ពស់ខ្លាំងដល់ទៅជាង៤៥លានដុល្លារ ទើបបង្ខំឲ្យពួកគេដកឧបករណ៍នេះចេញតែម្តង ក៏ប៉ុន្តែ NASA បានបញ្ជាក់ថា នឹងងាកទៅរចនាឧបករណ៍វាស់ស្ទង់ដែនម៉ាញេទិច ដែលមានលក្ខណៈធម្មតាល្មមៗវិញ។
បើតាមអ្នកវិទ្យាសាស្រ្ត ការរួមបញ្ចូលឧបករណ៍វាស់ស្ទង់ដែនម៉ាញេទិច គឺមានសារៈសំខាន់ជាពិសេស សម្រាប់ការស្រាវជ្រាវទៅលើផ្ទៃផ្នែកខាងក្នុងព្រះចន្ទ យូរ៉ូប៉ា របស់ភពព្រហស្បតិ៍្ត ដែលគេជឿជាក់ថា មានផ្ទុកមហាសមុទ្រដ៏ធំមហាសាលមួយ៕ធ.ដ