អតីតមន្រ្តីជាន់ខ្ពស់ CIA បញ្ជាក់ថា កូរ៉េខាងជើងចង់ជិតស្និទ្ធឡើងវិញជាមួយរុស្ស៊ី
កូរ៉េខាងត្បូង៖ ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជាកំពុងសម្លឹងមើលការបំពេញដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្នុងគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត ខណៈទីក្រុងព្យុងយ៉ាង ត្រូវបានគេមើលឃើញថា បានរឹតចំណងមិត្តភាពការទូតកាន់តែខ្លាំងជាមួយរុស្ស៊ី ដោយបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួន០៣រូប ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងខែមីនានេះ។
ការកត់សម្គាល់បែបនេះរបស់អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់អាម៉េរិក លោក អានឌ្រូ គីម ធ្វើឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូងនាដើមសប្តាហ៍នេះ នឹងកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាលើកទី២ រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅ បានបរាជ័យ។
ដោយឡែកកាលពីថ្ងៃពុធសប្តាហ៍នេះ ក៏មានព័ត៌មានបានចេញផ្សាយផងដែរថា កូរ៉េខាងជើងបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសចិន និងអង្គការសហប្រជាជាតិឱ្យត្រឡប់មកមាតុប្រទេសវិញ ដើម្បីពិភាក្សាគ្នាពីការចាត់វិធានការឆ្លើយតបនានា ក្រោយព្រមានសហរដ្ឋអាម៉េរិកថា អាចនឹងពិចារណាលើការអនុវត្តគោលនយោបាយនុយក្លេអ៊ែរឡើងវិញផងដែរ៕ធ.ដ