ឯកឧត្តម វង សូត្រ គូសបញ្ជាក់ថា កម្មវិធី ACCESS គឺជាកាលានុវឌ្ឍភាពថ្មីមួយទៀត ក្នុងការបើកទំព័រជួយដល់វិស័យពិការភាព បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តដោយជោគជ័យនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨
ភ្នំពេញ ៖ ឯកឧត្តមវង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា បានគូសបញ្ជាក់ថា កម្មវិធី ACCESS គឺជាកាលានុវឌ្ឍភាពថ្មីមួយទៀត ក្នុងការបើកទំព័រជួយដល់វិស័យពិការភាព បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តដោយជោគជ័យនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ នាពេលកន្លងទៅ ។ នេះជាប្រសាសន៍លើកឡើងក្នុងពិធីសម្ភោធកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា -អូស្រ្តាលី ដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ។
លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា កម្មវិធីកិច្ចសហប្រតិបត្តិការ អូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការគាំទ្រការគោរពសិទ្ធមនុស្សសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន សម្រាប់ជនមានពិកាភាពនៅក្នុងតំបន់ ។
លោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ថា កម្មវិធី ACCESS នឹងអនុវត្តការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិលនិងវិស័យឯកជន ព្រមទាំងអ្នកផ្តល់សេវាកម្មនានា ក្នុងការធ្វើផែនការ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងធ្វើអោយប្រសើរឡើងដល់ការផ្តល់សេវាដល់ជនពិការភាព និងស្រ្តីរងគ្រោះដោយអំពើហឹង្សាទាក់ទងនិងយេនឌ័រប្រកបដោយនិរន្តភាព។
ឯកឧត្តម វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារ អាទិភាពនៅក្នុងវិស័យអាទិភាព តាមរយៈការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ ដោយកំណត់អាត្រា និងបែបបទនៃការជ្រើសរើសជនពិការឱ្យចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជន ដែលមជ្ឈដ្ឋានទូទៅបានវាយតម្លៃថា គឺជាការជំរុញយ៉ាងសកម្មក្នុងការផ្តល់ឱកាស សម្រាប់ជនមានពិការភាព អាចទទួលបានការងារធ្វើទៅតាមចំណេះដឹង និងកម្រិតជំនាញរបស់ពួកគេផងដែរ។
ផ្តើមចេញពីនេះ រាជរដ្ឋាភិបាល បានកំណត់ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋឱ្យគ្រប់២% និង វិស័យឯកជន ១%។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ ជនមានពិការភាពសរុបចំនួន ២.៨៣៩ នាក់ ក្នុងនោះ ជនពិការកម្រិតធ្ងន់មានចំនួន ១.៤៧៨ នាក់ បានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន ៤០ ចំណែកវិស័យ ឯកជនចំនួន ៧៧ មានជនពិការចំនួន ៣.០៥៥ នាក់ បាននិងកំពុងបម្រើការងារ។ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនមានចំនួនប្រមាណ ៥.៨៩៤ នាក់។
ជាមួយនេះឯកឧត្តម វង សូត្រ មានជំនឿយ៉ាងមុតមាំថា កម្មវិធី ACCESS នឹងដំណើរការបានល្អ ក្នុងការផ្តល់បច្ចេកទេស និងថវិកាដល់ដៃគូប្រកបដោយនិរន្តរភាពសម្រាប់សេវាកម្មនីមួយៗស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក។
ក្នុងនាម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តមវងសូតបានគាំទ្រចំពោះកម្មវិធីនេះ ដើម្បីជំរុញ ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា នានាដល់បងប្អូនមានពិការភាព ជាពិសេសធ្វើយ៉ាងណាដើម្បីលើកកម្ពស់ដល់សុខុមាលភាពជនមានពិការភាព ឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបង្កើតកម្មវិធី ACCESS នេះឡើង ៕ធ.ដ