អនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ថ្លែងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគម្រោងធំជាងគេ នៅក្នុងចំណោមប្រទេស១៥៥ ដែលក្រុមហ៊ុនលោកបានសាងសង់កន្លងមក
ភ្នំពេញ៖ ក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ អនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន លោក វ៉ឹង កាង (Weng Gang) បានអះអាងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងសាងសង់ធំជាងគេក្នុងចំណោមគម្រោងធំៗចំនួន១៥៥ប្រទេស ដែលខ្លួនបានសាងសង់កន្លងមក ។
ក្នុងឱកាសនោះ លោក វ៉ឹង កាង បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រ និងផ្តល់ឱកាសដល់ក្រុមហ៊ុនរបស់លោក បានចូលរួមចំណែកកសាងស្ពានថ្នល់នៅកម្ពុជា ដែលមានប្រវែងជាង ១ពាន់គីឡូម៉ែត្ររួចមកហើយ។ លោក កាង ក៏បានបង្ហាញជំនឿចិត្តរបស់ខ្លួនផងដែរថា តាមរយៈគម្រោងសាងសង់ថ្នល់ ស្ពាននាពេលកន្លងមក ក៏ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះ នឹងធ្វើជួយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបោះពួយទៅមុខកាន់តែលឿនថែមទៀត ហើយនឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរផងដែរ។ លោក កាង បានបញ្ជាក់ថា ការដាក់ទុនវិនិយោគនៅកម្ពុជានាពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផង និងធ្វើឲ្យជីវភាពប្រជាជនកម្ពុជា រស់នៅកាន់តែល្អប្រសើរផង ។
សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្នល់ និងស្ពាន នៅកម្ពុជា បានប្រវែងជាង ១ពាន់គីឡូម៉ែត្រហើយ ហើយនៅថ្ងៃទី២២ ខែមីនា នឹងបន្តពង្រីកការសាងសង់បន្ថែមទៀត គឺការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកកាងថា អ្វីដែលសម្ដេចចង់បាននោះ គឺផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាការចាំបាច់របស់ប្រជាជនកម្ពុជា ៕ធ.ដ