បញ្ជូនជនសង្ស័យ៣នាក់ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ទៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០១និង២០នាទី នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ បន្ទាប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះទើបនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោក កែវ សុធា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះដល់ផ្ទះលេខ៣៤០ ផ្លូវលំ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើតែម្តង។
ជនសង្ស័យទី១)ឈ្មោះ មាស វ៉ាន់រ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ២)ឈ្មោះ មាស វ៉ាន់រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ និង៣)ឈ្មោះ មាស វ៉ាន់រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ (អ្នកទាំង៣ មានមុខរបររត់រ៉ឺម៉កម៉ូតូ) និងដកហូតបានរ៉ឺម៉កម៉ូតូចំនួន៣គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីចាត់ការនិតិវិធី៕ធ.ដ